សន្ដិសុខសង្គម

មនុស្សធ្លាក់ពីលើគោយន្តត្រូវរថយន្តធំបើកមកពីក្រោយកិនស្លាប់ភ្លាម

ស្វាយរៀង៖អ្នកបើកបរគោយន្តបានបត់ហាក់មិនប្រយ័ត្ន ធ្វើឱ្យអ្នកជិះខាងក្រោយធ្លាក់ដី ត្រូវរថយន្តធំបើកមកពីក្រោយកិនស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះបានកើតឡើង​នៅលើផ្លូវជាតិលេខ៣១៤D ភូមិទួលត្របែក ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ សែម វ៉ាន់រ៉ា អាយុ២៨ឆ្នាំ ជាកម្មករសំណង់ នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប។រីឯអ្នកបើកគោយន្តឈ្មោះ សរ សាវឿន អាយុ៣៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា។

ចំណែកអ្នកបើករថយន្តធំត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗឈ្មោះ ណែម ណារីន អាយុ៣៩ឆ្នាំ នៅភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។រថយន្តដែលកិនមនុស្សស្លាប់ម៉ាក SCANIA ផ្លាកលេខកំពង់ចាម 3A -8712។បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនអ្នកបើកបររថយន្តធំនិងគោយន្តទៅផ្នែក​នគរបាលចរាចរណ៍ខេត្តស្វាយរៀងដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ