សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុកដើមស្វាយបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កំពង់ស្ពឺ៖បុរស២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ផ្លូវកោងក៏ជ្រុលទៅបុក​គល់ស្វាយ​ពេញទំហឹង បណ្តាលឱ្យម្នាក់បាក់កស្លាប់ភ្លាម និងម្នាក់ទៀតរបួសធ្ងន់។ហេតុការណ៍នេះ​បានកើតឡើងនៅភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី១៧ ខែមីនា។

មន្ត្រីនគរបាលចរាចរណ៍ស្រុកបសេដ្ឋបានឱ្យដឹងថា មុនកើតហេតុមានបុរស២នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ផ្លាកលេខកំពង់ស្ពឺ1W-0162 ឌុបគ្នាក្នុងល្បឿនលឿន។

អ្នកបើកបរឈ្មោះ យ៉េង សុខនាង អាយុ២២ឆ្នាំ និងអ្នករួមដំណើរឈ្មោះជ័យ ចាន់ថន អាយុ២៧ឆ្នាំ។ទាំង២នាក់នៅភូមិចម្រុះ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ម៉ូតូនោះបើកមកដល់កន្លែង​ផ្លូវកោងដោយហ្វ្រាំងមិនជាប់បត់មិនទាន់ក៏ជ្រុលទៅបុកដើមស្វាយពេញទំហឹងបណ្តាលឱ្យឈ្មោះយ៉េង សុខនាងបានស្លាប់និងឈ្មោះជ័យ ចាន់ថន រងរបួសធ្ងន់ត្រូវបានដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់៕ដោយ៖វិចិត្រ