សន្ដិសុខសង្គម

ក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន៣ប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ក្រសួងព័ត៌មានបានលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន៣ គឺគេហទំព័រ កាសែត និងសមាគម។ក្នុងនោះទី១-អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន(ស.អ.ក.អ)របស់ឈ្មោះ ជា លីហ៊ាង។ទី២-កាសែត ដំណឹងក្នុងស្រុក របស់លោកជា សារ៉េន និងទី៣-គេហទំព័ររស្មីកំពង់ចាម របស់លោកស្រី ស៊ី មុយឡេង។

មូលហេតុនៃការលុបអាជ្ញាប័ណ្ណមាននេះកើតឡើងពីម្ចាស់អង្គភាពមានកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរនិងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល។

សូមបញ្ជាក់ថា បន្ទាប់ពីក្រសួងព័ត៌មានបានលុបអាជ្ញាប័ណ្ណ សារព័ត៌មានទាំង៣ខាងលើ របស់លោក ជាលីហ៊ាង-លោកជា សារ៉ន-លោកស្រី ស៊ីមុយឡេងរួចមក ជនរងគ្រោះដែលរងនូវការវាយប្រហារ និងសរសេរបរិហារកេរ្តិ៍ មួលបង្កាច់កេរ្តិ៍ ញុះញង់ឱ្យមានការរើសអើងពីម្ចាស់សារព័ត៌មានខាងលើ​គាត់បន្តចាត់ការតាមរយៈដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីឱ្យតុលាការមានចំណាត់ការតាមនីតិវិធី។

ក្រសួងព័ត៌មានបានបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ។អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួននិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ដោយ៖វិចិត្រ