សន្ដិសុខសង្គម

កំពុងរកមូលហេតុឆេះ​ឃ្លាំង​ស្តុកគ្រឿងបន្លាស់​រថយន្ត​មួយនៅខណ្ឌសែនសុខ

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង យ៉ាងសន្ធោសន្ធៅបង្ក​ឱ្យខូចខាត​សម្ភារជាច្រើន ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។

ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា អគ្គិភ័យបានឆាបឆេះ​ឃ្លាំង​ស្តុកគ្រឿងបន្លាស់​រថយន្ត​មួយកន្លែង នៅ​តាម​ផ្លូវ​ម៉ុង​ឫទ្ធី ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់​ភ្នំពេញ​​ថ្មី ខណ្ឌ​សែនសុខ កាលពីម៉ោង១០ព្រឹកថ្ងៃទី១៧ មីនាឆ្នាំ២០២៣។

អគ្គិភ័យនេះបានចាប់ផ្តើម​ឆេះយ៉ាងសន្ធោសន្ធៅ ​និង​បង្កការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំងត្រូវបានកម្លាំង​អាជ្ញាធរចេញ​រថយន្ត​ពន្លត់​អគ្គិភ័យជា​ច្រើន​គ្រឿង​​ចុះជួយអន្តរា​គមន៍​បាញ់ទឹកពន្លត់​ ។តែប៉ុន្មានម៉ោងក្រោយមក​ភ្លើងមិនទាន់រលត់នៅឡើយដោយសារគ្រឿងបន្លាស់រថយន្ត​ភាគច្រើនជាគ្រឿងជ័រ។​

គ្រោះអគ្គិភ័យនេះមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ព្រោះឃ្លាំង​​ខាងលើស្ថិតក្នុង​ដីឡូត៍មួយកន្លែង នៅ​ដាច់​ដោយឡែក​ពី​ផ្ទះប្រជា​ពលរដ្ឋ។ក្នុងហេតុការណ៍​ឆេះ​ឃ្លាំងស្តុកគ្រឿងបន្លាស់​រថយន្ត​នេះ មន្ត្រីអាជ្ញាធរមិនទាន់ដឹង​ពីមូលហេតុជាមួយទំហំនៃការ​ខូចខាតនៅឡើយដោយសមត្ថកិច្ចកំពុងសាកសួរ៕ដោយ៖វិចិត្រ