អន្តរជាតិ

អាម៉េរិកថាពិបាកចុះស្រង់យកយន្តហោះដែលធ្លាក់ណាស់ ខណៈកប៉ាល់រុស្ស៊ីនៅចំកន្លែងនោះ

សហរដ្ឋអាម៉េរិកនិយាយថា ពិតជាពិបាកក្នុងការចុះស្រង់យកយន្តហោះគ្មានមនុស្សបើកដែលបានធ្លាក់​ចូលក្នុងទឹកសមុទ្រខ្មៅណាស់ ព្រោះមានកប៉ាល់រុស្ស៊ីកំពុងនាវាចរចំកន្លែងនោះ។

ប្រធានអគ្គសេនាធិការចម្រុះអាម៉េរិក លោក Mark Milley បាននិយាយកាលពីថ្ងៃពុធទី ១៥ ខែមីនាថា ផ្នែកដែលនៅសល់នៃយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដែលត្រូវបានបុកទម្លាក់ដោយ​យន្តហោះចម្បាំងរុស្ស៊ី Su-27 ខ្ទាស់ស្លាបគ្នាកាលពីថ្ងៃអង្គារនោះ ពេលនេះត្រូវរកបានឃើញថា បានលិចក្នុងទឹកសមុទ្រខ្មៅជម្រៅចន្លោះដល់ទៅ ១២១៩ និង ១៥២៤ ម៉ែត្រ។

Milley បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “វាប្រហែលជាបានធ្លាក់ចុះដល់ជម្រៅ​ដ៏សំខាន់មួយចំនួន ដូច្នេះប្រតិបត្តិការស្រង់បំណែកឡើងវិញផ្នែកបច្ចេកទេសនឹងមាន​ការលំបាកខ្លាំងណាស់”។ លោកMilley បានបន្ថែមថា “វានឹងចំណាយពេលជាច្រើនថ្ងៃ មុនពេលដែលសហរដ្ឋអាម៉េរិកនឹងដឹងអំពីទំហំជាក់លាក់នៃទីតាំងកម្ទេចកម្ទីឲ្យប្រាកដ”។ ដោយឡែកពីនេះ អ្នកយកព័ត៌មានជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ លោក Luis Martinez បានបង្ហោះធ្វីតធ័រដោយយោងតាមមន្រ្តីអាម៉េរិកពីរនាក់ថា វាក៏នឹងទើសដៃទើសជើងផងដែរ ខណៈមានវត្តមានរបស់កប៉ាល់រុស្ស៊ីនៅទីតាំងធ្លាក់នោះ។ ក្រសួងការបរទេសអាម៉េរិកបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវ៉ាស៊ីនតោន Anatoly Antonov មកប្រាប់ថាឲ្យចេះប្រុងប្រយ័ត្នឲ្យមែនទែន ក្នុងករណីហោះក្បែរដែនអាកាសអន្តរជាតិក្បែរអាម៉េរិក។

យ៉ាងណាមិញ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolai Patrushev បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 កាលពីថ្ងៃពុធថា រុស្ស៊ីនឹងជួយចូលរួមព្យាយាមប្រតិបត្តិការសង្គ្រោះសម្រាប់​យន្តហោះ​គ្មានមនុស្សបើកស៊ើបការណ៍អាម៉េរិកនោះ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា