សេដ្ឋកិច្ច

នៅ​ឆ្នាំ​២០២៣ ការដោះដូរ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​ចិន រំពឹង​នឹង​កើន​លើស ១២ ពាន់​លាន​ដុល្លារ

​ភ្នំពេញ​៖ លោក ឈួន ដា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​ប្តេជ្ញា​ថាៈ នៅ​ឆ្នាំ​២០២៣​នេះ នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-​ចិន ឱ្យ​កើនឡើង​លើស ១២ ពាន់​លាន ដុល្លារ​អាម៉េរិក ។​

នៅក្នុង​វេទិកា​ផ្សព្វផ្សាយ ពិព័រណ៍​ចិន​-​អាស៊ានលើក​ទី​២០ ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​១៥ ខែមីនាលោក​រដ្ឋលេខាធិការ បាន​មាន ប្រសាសន៍ ថា​៖ រដ្ឋាភិបាល​នៃ​ប្រទេស យើង​ទាំងពីរ បានធ្វើ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រួមគ្នា លើ​វិស័យ​សំខាន់ៗ ដូចជា វិស័យ​ហេដ្ឋារចនា សម្ព័ន្ធ កសិកម្ម ការកសាង​សមត្ថភាព តំបន់​សេដ្ឋកិច្ច​ពិសេស វប្បធម៌ និង​ទេសចរណ៍ ហិរញ្ញវត្ថុ និង​ការការពារ​អេកូ​បរិស្ថាន ហើយ​ថ្មីៗ​នេះ កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​យើង​ទាំងពីរ កាន់ តែ​រីកចម្រើន​មួយកម្រិត​ទៀត​។​ដោយឡែក ទោះ​ស្ថិតក្នុង​គ្រា​លំបាកដែល​បណ្តាលមកពីការកើតឡើង នូវ​ជំងឺ​កូ​វីដ​-១៩ ក្តី ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ ចិន បានដាក់​ទុន វិនិយោគ​នៅ​កម្ពុជា មាន​ចំនួន ១៨៦ គម្រោង គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ប្រមាណ ៤.០០០ លាន​ដុល្លារ​អាមេរិក​.

​សូមបញ្ជាក់ថា​គិត​ត្រឹម​ដំណាច់ ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន សម្រេចបាន​ជាង ១១.៦៨៦ លាន​ដុល្លារ​អាម៉េរិក មានការ​កើន ឡើង​ប្រមាណ ៥%បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១​។ ក្នុងនោះ ការនាំ​ចេញពី​កម្ពុជា​ទៅ​ចិន មានដូចជា អង្ករ​, ចេក​, ស្វាយ​ , មៀន​ស្រស់​,សម្លៀកបំពាក់​,គ្រឿង​ស្ពាន់និង​បន្ទះ​សៀគ្វី​បោះពុម្ព​តម្លើង​រួច​ជាដើម​។​ដោយឡែកការនាំ​ចូល​ពី​ចិនមក​កម្ពុជា​វិញមានដូចជា ក្រណាត់​ចាក់​, គ្រឿងចក្រ​, ក្រណាត់​ត្បាញ​ពី​កប្បាស​, ក្រដាស​និង​ក្រដាសកាតុង​, ម៉ាស៊ីន​អេឡិចត្រូនិក​, គ្រឿងបន្លាស់​ទោចក្រយានយន្ត​, រថយន្ត និង​អំពូល​អគ្គិសនី ជាដើម ៕ដោយ៖សិរីមតី