សន្ដិសុខសង្គម

ត្រៀមបញ្ជូន២នាក់ចំណោម៦នាក់ ជិះម៉ូតូដេញកាប់គេឱ្យរបួសធ្ងន់ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាល ស្រាវជ្រាវចាប់ក្រុមទំនើងបាន២នាក់ចំណោម៦នាក់ ជិះម៉ូតូ៣គ្រឿងដេញកាប់ជនរងគ្រោះម្នាក់ឱ្យរងរបួសធ្ងន់ ហើយត្រៀមបញ្ជូនទៅតុលាការ  ដែលហេតុការណ៍ដ៏ព្រឺព្រួចនេះបានកើតឡើងនៅផ្លូវលេខ៦ ស្ថិតក្នុងភូមិកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃ១៥ ខែមីនា។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា មុនកើតហេតុមានជនសង្ស័យ២នាក់ និងបក្ខពួក៤នាក់បានជិះម៉ូតូ ៣គ្រឿងប្រដាប់ដោយកាំបិតកែច្នៃ និងប៉័ងតោ។

មកដល់ម្តុំគ្លីនិកបានសុខ ភូមិកន្ទួត ក្រុងសិរីសោភ័ណ ក៏ដេញកាប់ជនរងគ្រោះ២នាក់ជិះម៉ូតូ មួយគ្រឿង-ឈ្មោះនី វណ្ណថៃ និងឈ្មោះអុន ម៉ានី ខណៈជនរងគ្រោះបើកម៉ូតូទៅទិញបាយ នៅជិតសួនមានជ័យ បណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់ម្នាក់និងម្នាក់ទៀតបានគេចផុត។បន្ទាប់ពីកាប់គេឱ្យរបួសរួច ក្រុមទំនើងទាំង៦នាក់ បានគេចខ្លួនបាត់អស់។

ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ គឺម្នាក់កាន់ប៉័ងតោ និងម្នាក់ទៀត កាន់កាំបិតកែច្នៃ។ចំណែកបក្ខពួក៤នាក់ទៀតកំពុងរត់គេចខ្លួន។ជនសង្ស័យឈ្មោះលីដូច អាយុ១៩ឆ្នាំនិងឈ្មោះ រី សាវ៉ាត់ អាយុ១៨ឆ្នាំ។ទាំង២នាក់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕ដោយ៖វិចិត្រ