សន្ដិសុខសង្គម

បញ្ជូនផ្កាយ៣ម្នាក់ចេញសែកស្អុយ ប្រមាណ២០ម៉ឺនដុល្លារទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា បានចាប់ខ្លួនផ្កាយ៣ម្នាក់ ករណីចេញសែកស្អុយប្រមាណ២០ម៉ឺនដុល្លារ រួចបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនោះឈ្មោះ វង្ស វន អាយុ៦៦ឆ្នាំ ជាមន្ត្រីយោធាពាក់ផ្កាយ៣ចូលនិវត្តន៍ ស្នាក់នៅបុរីសាន់វ៉េទួលគោក ខណ្ឌទួលគោក ។សំណុំរឿងខាងលើស្ថិតនៅព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងភ្នំពេញ បើកការស៊ើបសួរនៅព្រឹកថ្ងៃទី១៥ ខែមីនានេះ។

ជនសង្ស័យឈ្មោះ វង្ស វន ត្រូវបានឃាត់ខ្លួនពេលកំពុងធ្វើដំណើរតាមរថយន្តទំនើប នៅប្លុកបឹងកក់ ខណ្ឌទួលគោក ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនពីស្ថាប័នតុលាការ។ ដើមហេតុនៃការឃាត់ខ្លួនបុរសរូបនេះ ត្រូវបានមន្ត្រីសាលាដំបូងភ្នំពេញបានឱ្យដឹងថា មានក្រុមហ៊ុនប្ដូរប្រាក់មួយបានប្តឹងឈ្មោះ វង្ស វន ដោយចោទប្រកាន់ពីបទចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់ប្រមាណ២០ម៉ឺនដុល្លារ។

ក្នុងបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងខែមេសាដល់ខែកក្កដាឆ្នាំ២០២២ ឈ្មោះ វង្ស វន បានផ្ដិតមេដៃជាបន្តបន្ទាប់ចំនួន៣លើក ដើម្បីខ្ចីប្រាក់ពីក្រុមហ៊ុនមួយប្រមាណ២០ម៉ឺនដុល្លារ។ ដែលប្រាក់ដើមទាំងអស់នោះនឹងត្រូវទូទាត់មកវិញតាមរយៈមូលប្បទានបត្រ៣សន្លឹក ។

ប៉ុន្តែដល់ថ្ងៃកំណត់ ត្រូវបានក្រុមហ៊ុនយកសែកទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារប្រាប់ថា សែកទាំង៣សន្លឹកនេះគ្មានប្រាក់ទេគឺ”សែកស្អុយ”។ ក្រោយពីដឹងថាមូលប្បទានបត្រគ្មានសាច់ប្រាក់ ខាងក្រុមហ៊ុនក៏ប្តឹងទៅសមត្ថកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់៕ដោយ៖វិចិត្រ