សន្ដិសុខសង្គម

​ឆេះផ្ទះ៥ខ្នងអស់ទាំងស្រុង​និង២ខ្នងបានខូចខាតមួយចំនួនធំ

ភ្នំពេញ​៖អគ្គិភ័យបានឆេះផ្ទះចំនួន៥ខ្នងជាមួយទ្រព្យសម្បតិ្តអស់ទាំងស្រុង និង២ខ្នងទៀតបានខូចខាត​មួយចំនួនធំ ត្រូវបានផ្នែកជំនាញបង្ការសង្គ្រោះអគ្គិភ័យចុះជួយអន្តរាគមន៍​បន្ទាន់គ្រោះអគ្គិភ័យ​នោះបានកើតឡើងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១៤​ ខែមីនា។

ពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងគេឮសំឡេងផ្ទុះចេញពីម្តុំផ្ទះ​ដែលត្រូវភ្លើងឆេះ។ករណីនេះអ្នកខ្លះថា​អាចមកពីឆ្លងចរន្តអគ្គិសនី ខ្លះទៀតថាមកពីផ្ទុះកំប៉ុងហ្គាស ។ក្រោយមកភ្លើងក៏បានឆាបឆេះសន្ធោសន្ធៅ​ឡើងតែម្តង។

ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ទឹកពន្លត់ អគ្គិភ័យត្រូវបានរលត់ទាំងស្រុង​នៅយប់ថ្ងៃដដែល។ អគ្គិភ័យនេះ​មិនបណ្ដាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ​ ដោយបង្កឱ្យខូចខាតផ្ទះថ្មប្រក់ស័ង្កសីអស់​១ខ្នង​-ផ្ទះឈើលើថ្មក្រោមចំនួន​៤ខ្នងផ្ទះ និងទ្រព្យសម្បត្តិអស់ទាំងស្រុង​។

ក្នុងនោះភ្លើងបានឆេះរាលដាលដល់ផ្ទះ២ខ្នងទៀត​អស់មួយចំនួនធំ។ក្នុងហេតុការណ៍នោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន​១៥គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៤៥រថយន្ត៕ដោយ៖វិចិត្រ