អន្តរជាតិ

អាម៉េរិកថ្កោលទោសយន្តហោះចម្បាំងរុស្ស៊ីដែលបុកយន្តហោះគ្មានមនុស្សបើកខ្លួនធ្លាក់ក្នុងសមុទ្រខ្មៅ

អាម៉េរិកថ្កោលទោសយន្តហោះចម្បាំងរុស្ស៊ីថាគ្មានវិជ្ជាជីវៈ គ្មានជំនាញ បានបុកជាមួយយន្តហោះ​គ្មានមនុស្សបើករបស់ខ្លួននៅលើសមុទ្រខ្មៅ បណ្តាលឲ្យខូចខាតធ្លាក់ចូលក្នុងទឹក។

យោង​តាម​ការ​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​កង​ទ័ព​អាកាស​អឺរ៉ុប និង​ទ្វីប​អាហ្វ្រិករបស់សហរដ្ឋអាម៉េរិកឈានចូលថ្ងៃពុធទី ១៥ ខែមីនា ឆ្នាំ២០២៣នេះបានឲ្យដឹងថា  ខណៈពេលដែលយន្តហោះគ្មានមនុស្សបើ​ក MQ-9 ខាងអាម៉េរិកកំពុងធ្វើប្រតិបត្តិការជាប្រចាំ​នៅក្នុងដែនអាកាសអន្តរជាតិ ធ្វើបេសកកម្មស៊ើបការណ៍ ឃ្លាំមើល និងឈ្លបយកការណ៍ ភ្លាមនោះក៏មានយន្តហោះចម្បាំងរុស្ស៊ី Su-27 បានចូលមកបុកឆៅៗតែម្តងដែលបណ្តាលឱ្យ MQ-9 បានធ្លាក់ចូលក្នុងសមុទ្រ និងបាត់បង់ទាំងស្រុង”។ បញ្ជាការអឺរ៉ុបរបស់អាម៉េរិកបាននិយាយទៀតថា ឧប្បត្តិហេតុនេះកើតឡើងដោយសារតែការខ្វះបច្ចេកទេស ជំនាញ និងវិជ្ជាជីវៈរបស់អ្នកបើក​យន្តហោះរុស្ស៊ី។ ក្នុងឧប្បត្តិហេតុនេះ មានយន្តហោះរុស្ស៊ីពីរគ្រឿងបានស្ថិតនៅកន្លែងកើតហេតុ។ ឧត្តមសេនីយ៍អាម៉េរិក Pat Ryder បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទ​កាសែត​នៅមន្ទីរបញ្ចកោណថា “វាបានហោះចូលមកបុកនឹង MQ-9 របស់យើងតែម្តង”។

លោក Ryderបានបន្តថា យន្តហោះរុស្ស៊ីទំនងជាត្រូវបានខូចខាតនៅក្នុងឧបទ្ទវហេតុនេះដែរ ប៉ុន្តែបានព្យាយាមរកកន្លែងចុះចតបានសម្រេច។ ចំពោះសំណួរបន្ថែមថាតើបន្ទាប់ពីបុកហើយ យន្តហោះរុស្ស៊ីចុះនៅកន្លែងណា លោកថាមិនប្រាកដទេ។

ដោយឡែកក្រសួងការពារជាតិរុស្ស៊ីវិញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “មិនពាក់ព័ន្ធ​ជាមួយរុស្ស៊ីទេ យន្តហោះរុស្ស៊ីទាំងពីរគ្រឿងមិនបានទទួលទំនាក់ទំនងណាមួយ​ជាមួយអាម៉េរិកទេ ខណៈជាលទ្ធផលនៃការធ្វើសមយុទ្ធដ៏មុតស្រួច យន្តហោះគ្មានមនុស្សបើក MQ-9 អាម៉េរិកបានបាត់បង់​ការគ្រប់គ្រង បាត់បង់កម្ពស់ និងបានបុកជាមួយនឹងផ្ទៃទឹក”៕

ប្រភព៖CBS

ប្រភពរូប៖CBS
ប្រែសម្រួល៖សុខ តុលា