ភ្នំពេញ៖យានដ្ឋានជួសជុលរថយន្តមួយកន្លែង យីហោ“ហ្គោលធិច” ត្រូវអគ្គិភ័យឆាបឆេះយ៉ាង សន្ធោសន្ធៅបណ្តាលឱ្យខូចខាតរថយន្តទំនើបចំនួន២គ្រឿង និងម៉ូតូ១គ្រឿង។
គ្រោះអគ្គិភ័យបានកើតឡើងនៅតាមផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា យានដ្ឋានជួសជុលរថយន្តខាងលើម្ចាស់ឈ្មោះ គិត ចន្ថា អាយុ៤១ឆ្នាំ។ទីតាំងនោះសាងសង់អំពីថ្មបេតុង ប្រក់ស័ង្កសី ទំហំ១៥ម៉ែត្រគុណ៣០ម៉ែត្រ។
ពេលភ្លើងផ្តើមឆេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ រាជធានីភ្នំពេញចំនួន១២គ្រឿងជួយ អន្តរាគមន៍ បាញ់ទឹកអស់១៥រថយន្តទើបវេលាទៀបភ្លឺថ្ងៃដដែលភ្លើងបានរលត់ទាំងស្រុង។តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងគ្រោះថ្នាក់ដល់មនុស្សទេ។
ក្នុងហេតុការណ៍ដ៏មហន្តរាយនោះ បានបណ្តាលឱ្យខូចខាតរថយន្តToyota Pruis 05 មួយគ្រឿង-រថយន្តម៉ាក Ford Transit19 មួយគ្រឿង-ម៉ូតូម៉ាកHondaWave មួយគ្រឿង-និងប្រេងម៉ាស៊ីន Castrol ចំនួន៣០កេស។ ករណីភ្លើងឆាបឆេះយានដ្ឋានខាងលើត្រូវម្ចាស់បានអះអាងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។រីឯតម្លៃនៃការខូចខាតសមត្ថកំពុងសាកសួរ៕ដោយ៖វិចិត្រ