កម្សាន្ដ

តារាចម្រៀងគូម៉ាឆ្លើយតបជុំវិញការរិះគន់ថាមិនបានជួយអ្នកថតកាម៉េរាធ្លាក់ពីលើឆាក

ដោយ៖ប្រសិទ្ទ

ភ្នំពេញ៖នៅទីបំផតុតារាចម្រៀងដ៏ពេញនិយមលោកគូ ម៉ាកាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២៣បានចេញមុខបកស្រាយជុំវិញការរិះគន់របស់មហាជនដែលចោទថាលោកមិនបានជួយអ្នកថតកាម៉េរាវីដេអូម្នាក់ធ្លាក់ពីលើឆាកប្រគំតន្រ្តី។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១២ ខែមីនា ២០២៣ លោក គូម៉ាត្រូវបានគេអញ្ជើញទៅច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏ធំមួយនៅខេត្តបាត់ដំបង។នៅពេលដែលលោកកំពុងតែច្រៀង មានអ្នកកាន់កាម៉េរាម្នាក់ជាអ្នកថតសម្រាប់ផ្សាយបន្តផ្ទាល់បានតាមប្រមាញ់យករូបលោកច្រៀងហើយដើរថយក្រោយក៍រអិលធ្លាក់ពីលើឆាកទាំងកំរោល។

ក្រោយពីឧបទ្ទវហេតុនេះកើតឡើងមានការរិះគន់ជុំទិសមកលើលោកគូ ម៉ា ថាជាមនុស្សអត់ចិត្តមិនជួយអ្នកកាន់កាម៉េរាដែលជាក្រុមការងារបណ្តោយឲ្យធ្លាក់ ហើយនៅតែច្រៀងបន្ត។

លុះដល់ថ្ងៃទី១៣ ខែមីនា ២០២៣ តារាចម្រៀងវ័យក្មេងសំឡេងផ្អែមរូបនោះទ្រាំមិនបានក៏បានចេញមុខបញ្ជាក់ថា នៅពេលដែលកាម៉េរាមែនធ្លាក់នៅនឹងមុខគាត់ភ្លាម អារម្មណ៍របស់គាត់មានភាពតក់ស្លុត ស្ទើរមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ តែក្រុមការងារខាងក្រោយបានលើកដៃឲ្យបន្តច្រៀង។ ម្យ៉ាងវិញទៀតលោកគិតថា នេះជាកម្មវិធីផ្សាយផ្ទាល់ មានមនុស្សមើលតាមទូរទស្សន៍ច្រើន និងមកមើលផ្ទាល់ក៏ច្រើនដល់រាប់ពាន់នាក់ ប្រសិនបើលោកឈប់ច្រៀងភ្លាមៗ វានឹងអាចមានភាព ចលាចលណាមួយកើតឡើង។

គូម៉ាក៏បានអរគុណដល់បងប្អូនទាំងអស់ ជាពិសេសហ្វេនៗគាំទ្រ ដែលបានស្រលាញ់ និងឈឺឆ្អាលជំរុញឲ្យលោកចេះជួយគ្នានៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង។លោកក៏សូមអភ័យផងដែរ ដែលមិនបានជួយក្រុមការងារនាពេលនោះ ដោយសារតែហេតុផលដូចខាងលើនេះ៕