សន្ដិសុខសង្គម

មិនទាន់ដឹងមូលហេតុប្តីកាប់ប្រពន្ធ៥កាំបិត រួចចងកសម្លាប់ខ្លួនឯង

ព្រៃវែង៖រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បានដឹងការពិតករណីប្តីប្រើកាំបិតផ្គាក់​កាប់ប្រពន្ធ៥កាំបិតឱ្យរបួសធ្ងន់ រួចចងកសម្លាប់ខ្លួនជាក្រោយនោះនៅឡើយ។ហេតុការណ៍ដ៏រន្ធត់ក្នុងគ្រួសារនេះ បានកើតឡើងនៅភូមិទន្លេជ្រៃខ ស្រុកពារាំង ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី១២ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កជាប្តីឈ្មោះ ឃាម ឃន អាយុ៤៦ឆ្នាំ នៅភូមិឃុំខាងលើ បានចងកស្លាប់។ចំណែកស្ត្រីរងគ្រោះឈ្មោះ ហឿន សុភា អាយុ៤០ឆ្នាំ ប្តីកាប់៥កាំបិតចំក្បាល២កាំបិត-ត្រចៀក-ស្មាស្តាំនិងថ្លើមដៃ។

ពួកគេរស់នៅជាមួយគ្នាតែ២នាក់ប៉ុណ្ណោះ។ចំណែកកូនៗបានបែកគ្រួសារមានប្តីប្រពន្ធរស់នៅ​រៀងៗខ្លួនអស់ហើយ។មុនកើតហេតុ ប្តីនិងប្រពន្ធបាននាំគ្នាទៅអង្គុយលេងនៅផ្ទះញាតិជិតខាង។តែក្រោយមកស្រាប់តែមានទំនាស់ពាក្យសម្តី ប្តីបានស្ទុះទៅយកកាំបិតមកកាប់ប្រពន្ធត្រូវ១កាំបិត។

ភ្លាមនោះប្រពន្ធរត់គេចតែត្រូវប្តីដេញតាមពីក្រោយកាប់ផ្ទួនៗ៤កាំបិតទៀតបណ្តាលឱ្យដួលបាត់ស្មារតីក្នុងថ្លុកឈាម។ពេលឃើញប្រពន្ធដួលដេកលែងដឹងខ្លួនបែបនេះ បុរសជាប្តីស្មានតែប្រពន្ធស្លាប់​ក៏រត់ទៅផ្ទះចងកសម្លាប់ខ្លួនឯងតែម្តង។

បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះត្រូវបានញាតិជិតខាងជួយដឹកយកទៅមន្ទីរពេទ្យភ្នំពេញភ្លាមៗ​ដើម្បីសង្គ្រោះបន្ទាន់។ក្រោយមកសមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យលើសាកសពជនបង្ក​ឃើញពិតជាបានចងកសម្លាប់ខ្លួនឯងមែន។ចំណែកស្ត្រីរងគ្រោះកំពុងជួយសង្គ្រោះមិនទាន់ បញ្ជាក់ប្រាប់ការពិតបានទេ៕ដោយ៖វិចិត្រ