អន្តរជាតិ

បាញ់ទៀតហើយ! កូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយខ្លី២គ្រាប់ចូលសមុទ្រនៅថ្ងៃអង្គារនេះ

ជាថ្មីម្តងទៀត កូរ៉េខាងជើងនៅថ្ងៃអង្គារទី ១៤ ខែមីនានេះ ត្រូវបានគេរាយការណ៍មកថា បានបាញ់​មីស៊ីលរយៈចម្ងាយខ្លី២គ្រាប់ទៀតចូលទៅកាន់សមុទ្រ ខណៈជាការកំញើញលើកទី ២ដាក់អាម៉េរិក និងកូរ៉េខាងត្បូងក្នុងសមយុទ្ធទ្រង់ទ្រាយធំ។

នាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា មីស៊ីលពីរគ្រាប់ថ្មីត្រូវបានបាញ់នៅម៉ោង​ប្រហែល ៧ និង៤០នាទីព្រឹកម៉ោងក្នុងស្រុក ថ្ងៃអង្គារទី ១៤ ខែមីនា ឆ្នាំ២០២៣ ចេញពីខេត្ត South Hwanghae ជិតឆ្នេរសមុទ្រភាគខាងលិច ដោយបានហោះប្រហែល ៦២០គីឡូម៉ែត្រ។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ និងរក្សាជំហរត្រៀមខ្លួនពេញលេញក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏បាននិយាយដែរថា ប្រទេសជប៉ុនកំពុងប្រមូលព័ត៌មាន​អំពីមីស៊ីលនេះ ខណៈមិនមានការខូចខាតណាមួយនៅក្នុងប្រទេសពាក់ព័ន្ធត្រូវបានរាយការណ៍​នោះទេ។ បើតាមប្រធាន​ខុទ្ទកាល័យ​ជប៉ុន លោក Hirokazu Matsuno កាំជ្រួច​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ហោះ​ចូល​ក្នុង​ទឹកដី​របស់​ជប៉ុន ឬ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខជប៉ុន​នោះ​ទេ។

ការបាញ់ថ្ងៃអង្គារនេះ បានក្លាយជាការបាញ់លើកទី២ហើយបន្ទាប់ពីការបាញ់មីស៊ីលចេញពីនាវាមុជទឹក​កាលពីថ្ងៃអាទិត្យ ខណៈពេលដែលសមយុទ្ធ FREEDOM SHEILD របស់អាម៉េរិកនិងកូរ៉េខាងត្បូង​កំពុងធ្វើឡើង​ទ្រង់ទ្រាយធំនៅឧបទ្វីបកូរ៉េ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា