អន្តរជាតិ

នាយករដ្ឋមន្ត្រីហ្វាំងឡង់បើកការពិភាក្សាអំពីការបរិច្ចាគយន្តហោះ F/A-18 ដល់អ៊ុយក្រែន

នាយករដ្ឋមន្រ្តីហ្វាំងឡង់ ប្រកាសបើកការពិភាក្សាលើការបរិច្ចាគយន្តហោះចម្បាំងដល់អ៊ុយក្រែន ចំពេលដែលមានការអង្វរកេខ្លាំងពីរដ្ឋបាលលោកហ្សេឡិនស្គី។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា លោកស្រីបានបើកចំហក្នុងការ​ពិភាក្សាអំពីការផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន ទោះបីជាប្រឈមមុខនឹងការរិះគន់ក្នុងស្រុក​ក៏ដោយ។ ការពិភាក្សានឹងធ្វើឡើងលើប្រភេទយន្តហោះចម្បាំងជំនាន់ចាស់អាម៉េរិកទសវត្សរ៍៨០ F/A-18 ដែលវាអាចហោះបានជិត២០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាយន្តហោះអាចចល័តគ្រប់អាកាសធាតុ មានម៉ាស៊ីនភ្លោះ មានសមត្ថភាពដឹកជញ្ជូន ជាយន្តហោះប្រយុទ្ធពហុមុខងារ ដែលត្រូវបានរចនាឡើងជាយន្តហោះចម្បាំង និងយន្តហោះវាយប្រហារ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី Sanna Marin ថា “យើងមានយន្តហោះចម្បាំង F35 ថ្មីនឹងមកដល់ … នៅពេលដែល F/A-18 Hornets ចាស់ៗទាំងនេះត្រូវបានជំនួសចេញ យើងអាចពិភាក្សាអំពីការប្រើប្រាស់នាពេលអនាគតរបស់ពួកគេ”។

ការពិភាក្សាកើតឡើង ចំពេលដែលរដ្ឋបាលលោកហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែនបាន​អង្វរករនូវអាវុធបន្ថែមពីសម្ព័ន្ធមិត្ត ដើម្បីយកទៅទប់ទល់នឹងការកើនឡើងខ្លាំងរបស់រុស្ស៊ីនៅ​សមរភូមិទីក្រុងបាក់មុត ខេត្តដូណេតភាគខាងកើត៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា