អន្តរជាតិ

ទាហានអ៊ុយក្រែនបញ្ចប់ការហ្វឹកហាត់លើរថក្រោះខ្លារខិន Leopard នៅអេស្ប៉ាញហើយ

នៅទីបំផុតទាហានអ៊ុយក្រែនជាង ៥០នាក់ បានបញ្ចប់ការហ្វឹកហាត់លើរថក្រោះខ្លារខិន Leopard នៅប្រទេសអេស្ប៉ាញហើយ ខណៈត្រៀមវិលមកប្រទេសកំណើតវិញដើម្បីចូលប្រយុទ្ធនៅជួរមុខ។

រដ្ឋាភិបាលអេស្ប៉ាញបាននិយាយកាលពីថ្ងៃចន្ទទី ១៣ ខែមីនា ឆ្នាំ២០២៣ សប្តាហ៍នេះថា ទាហានអ៊ុយក្រែនពិតជាបានបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល ៤ សប្តាហ៍នៅក្នុងប្រទេសអេស្ប៉ាញ​អំពីរបៀបដំណើរការរថក្រោះ Leopard 2 ដែលសម្ព័ន្ធមិត្តលោកខាងលិចបានយល់ព្រមផ្តល់​ដើម្បីជួយទីក្រុង Kyiv ប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី។ ប្រភពរដ្ឋាភិបាលបាននិយាយទៀតថា សិក្ខាកាមអ៊ុយក្រែនទាំង ៥៥ នាក់នោះបានមកដល់កាលពីពាក់កណ្តាលខែកុម្ភៈ​នៅក្នុងប្រទេស​អេស្ប៉ាញ ដោយគ្រោងនឹងហោះហើរត្រឡប់ទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃពុធសប្តាហ៍នេះ មុនពេលបន្តធ្វើដំណើរត្រឡប់ទៅអ៊ុយក្រែនប្រទេសកំណើតវិញ និងចូលប្រយុទ្ធនៅសមរភូមិជួរមុខ។

តាមរយៈប្រភពដដែល ទាហានអ៊ុយក្រែនទាំងនេះបានហ្វឹកហាត់ ១២ ម៉ោងនៅក្នុងមួយថ្ងៃ ប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍នៅឯមូលដ្ឋានយោធាអេស្ប៉ាញមួយក្នុងទីក្រុង Zaragoza ភាគឦសាន។  ចំពោះព័ត៌មានលម្អិតផ្សេងទៀត រដ្ឋាភិបាលសុំមិនបញ្ចេញព្រោះជាការសម្ងាត់យោធា៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា