សន្ដិសុខសង្គម

តៃកុងសង្ស័យស្រវឹងបើករថយន្ត​បុករបងផ្ទះគេរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖បុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្ត​ម៉ាកកាមរីបាឡែន​ ក្នុងល្បឿនលឿន​ ជ្រុលទៅបុក​របងផ្ទះ​គេពេញទំហឹង​បណ្ដាលឱ្យខូចខាត​យ៉ាងដំណំ។ហេតុការណ៍នេះបានកើតឡើងស្ថិត​នៅតាម​​ផ្លូវ​លេខ២៧១​ ក្នុងសង្កាត់​ស្ទឹង​មានជ័យ​ទី១​ ខណ្ឌមានជ័យ​ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៤ ខែមីនា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងរថយន្តម៉ាក​ Toyota Camry បាឡែន​ផ្លាកលេខភ្នំពេញ​ 2O-5698​ បើកពីជើងទៅត្បូងក្នុងល្បឿនលឿន​។

មកដល់កន្លែងខាងលើ ដោយស្ថានផ្លូវកោងក៏ជ្រុលទៅបុករបងផ្ទះអ្នកភូមិពេញទំហឹង​ បណ្ដាលឱ្យបាក់មួយផ្ទាំង​។រីឯរថយន្តបានរងការខូចខាតមួយចំហៀងយ៉ាងដំណំ។បន្ទាប់មកគេឃើញតៃកុងបើកទ្វារចេញមានរបួស​តិចតួចតែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។ ក្រោយកើតហេតុ​ ផ្នែកជំនាញបានចុះមកយករថយន្តបង្កទៅរក្សាទុកនៅនគរបាលចរាចរណ៍ រាជធានីភ្នំពេញ​ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ​៕​ដោយ៖វិចិត្រ