សន្ដិសុខសង្គម

ចោរប្លន់រថយន្តបង្កភ្ញាក់ផ្អើល បើករត់គេចជ្រុលធ្លាក់ចូលទឹកប្រឡាយ

កណ្តាល៖បុរសម្នាក់ណាត់ម្ចាស់ដើម្បីទិញរថយន្ត ពេលជួបបានយកស្ព្រាយ (Spray) បាញ់ភ្នែកហើយប្លន់យករថយន្តរួចបើករត់គេច ធ្វើឱ្យផ្អើលសមត្ថកិច្ចដេញតាមក៏ជ្រុលធ្លាក់ ចូលទឹកប្រឡាយ។ករណីនេះបានកើតឡើងនៅក្នុងឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីរសៀលថ្ងៃថ្ងៃទី១៣ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្រោយមានការប្លន់រថយន្ត កម្លាំងអាជ្ញាធរ និងនគរបាលស្រុកកណ្តាលស្ទឹង បានពង្រាយកម្លាំងគ្រប់ច្រកល្ហកដើម្បីតាមឃាត់រថយន្តនោះ។

ក្រោយមកប្រទះឃើញរថយន្តខាងលើក៏ដេញតាម រហូតទៅដល់ប្រឡាយទឹកមួយក្នុងឃុំបាគូរ ​ជនសង្ស័យបានបើករថយន្តយ៉ាងលឿនជ្រុលធ្លាក់ចូលប្រឡាយទឹកតែម្តង។ភ្លាមៗនោះ ជនសង្ស័យបានលូនចេញតាមកញ្ចក់ទ្វារ ហើយហែលទឹកគេចខ្លួនបាត់។

​សមត្ថកិច្ចបានឱ្យដឹងថា ករណីប្លន់នេះ ដោយជនសង្ស័យបានណាត់ម្ចាស់រថយន្តព្រូស ដើម្បីសុំមើលរថយន្តដែលត្រូវលក់។លុះបានជួបគ្នាឃើញឱកាសស្ងាត់ល្អ ហើយនៅតែ២នាក់ផងនោះ ជនសង្ស័យបានប្រើស្រ្ពាយបាញ់លើភ្នែកជនរងគ្រោះធ្វើឱ្យម្ចាស់មើលអ្វីមិនឃើញក៏ដណ្តើមសោរថយន្តពីជនរងគ្រោះឡើងបើករថយន្តគេចខ្លួនតែម្តង។

ពាក់ព័ន្ធ​ករណីខាងលើ គេនៅមិនទាន់ដឹងថា ជនរងគ្រោះនិងជនសង្ស័យជាអ្នកធ្លាប់ស្គាល់គ្នា យ៉ាងណានោះទេ។ខណៈជនរងគ្រោះកំពុងសង្គ្រោះដោយមិនទាន់បានផ្តល់ព័ត៌មានច្បាស់នៅឡើយ៕ដោយ៖វិចិត្រ