សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៧នាក់ពាក់ព័ន្ធសម្លាប់ បុរសម្នាក់ទៅតុលាការ

កែប៖កម្លាំងនគរបាលខេត្តកែប កាលពីថ្ងៃទី១២ ខែមីនា បានបញ្ជូនជនសង្ស័យ៧នាក់ ពាក់ព័ន្ធសម្លាប់ បុរសទិញអេតចាយម្នាក់ព្រោះតែជម្លោះក្នុងវង់ផឹកស្រាទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅភូមិចម្ការ៣ ស្រុកដំណាក់ចង្អើរ កាលពីយប់ថ្ងៃទី៥ ខែមីនាកន្លងទៅ។បន្ទាប់ពីស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់និងកសាងសំណុំរឿងរួចរាល់ ថ្ងៃទី១២ ខែមីនា កម្លាំងនគរបាលខេត្តកែបបានបញ្ជូនក្រុមជនសង្ស័យប្រុសស្រីចំនួន៧នាក់ទៅតុលាការដើម្បីចាត់ការតាមច្បាប់។

មន្ត្រីដដែលបានបន្តថា ជនរងគ្រោះត្រូវគេសម្លាប់ឈ្មោះ ផែន រ៉ាំ ហៅគម អាយុ ៣៦ឆ្នាំ ជាអ្នកដើរទិញអេតចាយ នៅភូមិត្រពាំងព្រីងខាងជើង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកជនសង្ស័យទាំង៧នាក់ គឺម្នាក់ជាជនដៃដល់ឈ្មោះ យ៉ង វឌី អាយុ ៣១ឆ្នាំ ជាកម្មករសំណង់នៅភូមិអូរលួស ស្រុកកំពង់ត្រាច ខេត្តកំពត។ រីឯបក្ខពួកប្រុសស្រី៦នាក់ទៀតជាប់សង្ស័យពីបទសមគំនិតក្នុងអំពើឃាតកម្មនេះ។

មុនបញ្ជូនទៅតុលាការកាលពីថ្ងៃទី១២ ខែមីនា លោកស្នងការខេត្តក៏បានបង្ហាញមុខជនដៃដល់ និងអ្នកពាក់ព័ន្ធទៅធ្វើត្រាប់ឡើងវិញនៅកន្លែងប្រព្រឹត្ត ដោយតម្រូវឱ្យបង្ហាញគ្រប់សកម្មភាពទាំងអស់ បង្ហាញដល់ក្រុមអ្នកសារព័ត៌មាននៅក្នុងបរិវេណស្នងការដ្ឋានដើម្បីបញ្ជាក់លម្អិតជុំវិញហេតុការណ៍ដ៏ព្រៃផ្សៃនោះ៕ដោយ៖កំចាយ