អន្តរជាតិ

អ៊ុយក្រែនសុំឲ្យអាល្លឺម៉ង់មេត្តាជួយពន្លឿនការបញ្ជូនគ្រាប់រំសេវ និងបង្វឹកអ្នកបើកយន្តហោះខ្លួន

អ៊ុយក្រែនប្រកាសជំរុញឲ្យអាល្លឺម៉ង់ជួយពន្លឿនដំណើការបញ្ជូនគ្រាប់រំសេវ និងហ្វឹកហាត់​បណ្តុះបណ្តាលអ្នកបើកយន្តហោះខ្លួនលើយន្តហោះចម្បាំងលោកខាងលិច។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយកាសែតអាល្លឺម៉ង់ Bild am Sonntag ថា កង្វះគ្រាប់រំសេវគឺជាបញ្ហាធំបំផុតជាងគេនាពេលឥឡូវនេះរបស់អ៊ុយក្រែន ក្នុងការទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។ ការស្នើនេះ ក៏កើតឡើងក្រោយក្រុមហ៊ុន   ផលិតសព្វាវុធរបស់អាល្លឺម៉ង់បានប្រាប់គាត់នៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីខែមុនថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការចែកចាយ ប៉ុន្តែកំពុងរង់ចាំរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចសន្យា។

លោក Kuleba បានបញ្ជាក់បន្ថែមថា លោកមិនរំពឹងថា សម្ព័ន្ធមិត្តលោកខាងលិចនឹង  ផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំងដែលខ្លួនបានស្នើសុំក្នុងពេលឆាប់ៗនេះទេ។ កាសែតបានសរសេរថា ប៉ុន្តែលោកបានស្នើសុំឲ្យអ្នកបើកយន្តហោះអ៊ុយក្រែនគួរតែត្រូវបាន​បណ្តុះបណ្តាល ដើម្បីអាចជាការត្រៀមទុកមុន ក្នុងករណីដែលមានការសម្រេចចិត្តផ្តល់ជូន​ណាមួយនាពេលអនាគត វានឹងល្អជាមិនខាន អ៊ុយក្រែននឹងអាចចេះប្រើវាយ៉ាងស្ទាត់ជំនាញ។ លោកបាននិយាយថា ប្រសិនបើអាល្លឺម៉ង់ត្រូវបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន នោះនឹងក្លាយជា “សារច្បាស់លាស់នៃការចូលរួមផ្នែកនយោបាយរបស់ខ្លួន”។

ដោយឡែក​លោក Kuleba ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អ៊ុយក្រែន​នឹងនៅតែ​បន្ត​ការ​ពារ​ទីប្រជុំជន Bakhmut ខេត្តដូណេតស៊ូដល់ដំណាក់កាលចុងក្រោយ មិនដកទ័ពចេញឡើយ ព្រោះការដកទ័ពនឹងធ្វើ​ឲ្យរុស្ស៊ីទទួលបានជ័យជម្នះជាយុទ្ធសាស្រ្តធំធេង ហើយនឹងបន្តងាយស្រួលដណ្តើមតំបន់ក្បែរៗ​នោះក្រោយៗទៀត៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា