សន្ដិសុខសង្គម

អាវុធហត្ថបញ្ជូនជនសង្ស័យគាស់ឃ្លាំងលួចសម្ភារសំណង់ទៅតុលាការ

បាត់ដំបង៖កម្លាំងអាវុធហត្ថបានស្រាវជ្រាវចាប់បុរសម្នាក់ ករណីលួចគាស់សោឃ្លាំងលួចយក​សម្ភារសំណង់អស់ជាច្រើនប្រុងលក់ចែកចាយបន្ត និងបញ្ជូនទៅតុលាការ។

មន្ត្រីអាវុធហត្ថក្រុងបាត់ដំបងបានឱ្យដឹងថា ផ្នែកជំនាញបានចុះស្រាវជ្រាវរហូតចាប់ជនសង្ស័យបានម្នាក់ ក្រោយពីបានលួចគាស់សោឃ្លាំងលួចយកសម្ភារជាងអស់ជាច្រើន ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុង/ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមីនា។

ជនសង្ស័យឈ្មោះយ៉ា មករា អាយុ ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ សង្កាត់ខាងលើ។ ករណីនេះសមត្ថកិច្ចបានចាត់ការបង្ក្រាបភ្លាមៗក្រោយជនរងគ្រោះឈ្មោះ ជន បញ្ញា អាយុ ២៤ឆ្នាំ បានប្តឹងដល់កម្លាំងផ្នែកជំនាញអាវុធហត្ថក្រុង។

ក្នុងការបង្ក្រាប កម្លាំងជំនាញដកហូតវត្ថុតាងបានមួយចំនួនដូចជា-ម៉ូទ័រស្វាន-ម៉ូទ័រកាត់-ម៉ាស៊ីនអារឈើ-ប៉ុសផ្សារដែកនិងសម្ភារសម្រាប់ជាងជាច្រើនទៀត។បច្ចុប្បន្នមន្ត្រីជំនាញ​បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ៕ដោយ:ព្រះអង្គខ្មៅ