អន្តរជាតិ

លុចសំបួបញ្ជូនរថយន្តសង្រ្គោះបន្ទាន់ពាសដែក១៤គ្រឿងទៅអ៊ុយក្រែន

អ៊ុយក្រែនថា ប្រទេសលុចសំបួបានប្រកាសបញ្ជូនរថយន្តសង្រ្គោះបន្ទាន់ពាសដែកផលិតដោយ​ចក្រភពអង់គ្លេសចំនួន១៤គ្រឿងទៅអ៊ុយក្រែន ក្នុងនាមជាសម្ព័ន្ធមិត្តអឺរ៉ុប។

បើតាមស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសបែលហ្សិក និងលុចសំបួ បង្ហោះតាមបណ្តាញសង្គម Facebook កាលពីថ្មីៗនេះបានឲ្យដឹងថា យានជំនិះសង្រ្គោះបន្ទាន់ពាសដែក១៤គ្រឿងផលិតដោយក្រុមហ៊ុន​អង់គ្លេស Venari នឹងត្រូវបានដឹកបញ្ជូនទៅអ៊ុយក្រែនក្នុងរយៈពេលដ៏ខ្លីខាងមុខនេះយ៉ាងពិតប្រាកដ។ ស្ថានទូតបានបញ្ជាក់ថា គម្រោងនេះត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម “Ukraine is calling” ឬសហគមន៍អ៊ុយក្រែន គាំទ្រដោយស្ថានទូតអ៊ុយក្រែននៅបែលហ្សិក និងលុចសំបួ។ គោលដៅនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីប្រមូលប្រាក់ចំនួន ១០ លានអឺរ៉ូសម្រាប់ការទិញរថយន្តសង្គ្រោះ​ចំនួន ១១២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន។

នៅក្នុងសាររបស់ស្ថានទូតអ៊ុយក្រែនបាននិយាយថា “យានជំនិះនឹងត្រូវបញ្ជូនទៅកាន់សមរភូមិជួរមុខ ជាកន្លែងដែលពួកគេនឹងបំពេញបេសកកម្មចម្បងរបស់ពួកគេ គឺដើម្បីជួយសង្គ្រោះជីវិតអ្នកចម្បាំង​របស់យើង ការពារប្រទេសរបស់យើង ក៏ដូចជាជនស៊ីវិល ដែលតែងតែក្លាយជាជនរងគ្រោះនៃការ​បាញ់ផ្លោងដ៏ព្រៃផ្សៃរបស់រុស្ស៊ី”។

តាមរយៈសេចក្តីរាយការណ៍កាលពីខែធ្នូកន្លងទៅ ប្រទេសលុចសំបួ បានចំណាយថវិកាការពារជាតិ​របស់ខ្លួនប្រមាណជា ១៦% ទៅលើជំនួយដល់អ៊ុយក្រែន៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា