អន្តរជាតិ

រដ្ឋាភិបាលអាម៉េរិកចេញមុខធានា ក្រោយធនាគារធំរបស់ខ្លួន Silicon Valleyដួលរលំ

រដ្ឋាភិបាលអាម៉េរិកបានចេញមុខប្រកាសធានាដល់អ្នកដាក់ប្រាក់បញ្ញើទាំងអស់កុំឲ្យនាំគ្នាផ្អើលចលាចល ខណៈធនាគារធំអាម៉េរិកSilicon Valley បានដួលរលំហើយក៏ដោយ។

យោងតាមបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន រួមទាំងភ្នាក់ងារ AFP បានចុះផ្សាយជាផ្លូវការ នៅថ្ងៃចន្ទទី ១៣ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ធនាគារធំអាម៉េរិកលំដាប់ទី ១៦ ឈ្មោះ Silicon Valley មានមូលដ្ឋាននៅទីក្រុង Santa Clara រដ្ឋកាលីហ្វ័រញ៉ា ពិតជាត្រូវបានដួលរលំហើយ បន្ទាប់ពីដំណើរដាំក្បាលភាគហ៊ុនបានធ្លាក់ចុះ៦០ភាគរយកាលពីថ្ងៃព្រហស្បតិ៍ និងបន្តចុងក្រោយ បញ្ឈប់ចុងសប្តាហ៍ធ្លាក់ដល់៦៩% ដោយសារតែកត្តាជាច្រើន រួមទាំងកត្តាគ្រប់គ្រង កត្តាម៉ាក្រូ ការបាត់បង់ទំនុកចិត្តជាដើម។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រធាននៃសហព័ន្ធបម្រុង នាយកដ្ឋានរតនាគារ និង FDIC របស់អាម៉េរិកបាននិយាយថា “បន្ទាប់ពីទទួលបានអនុសាសន៍ពីក្រុមប្រឹក្សានៃសាជីវកម្មធានារ៉ាប់រង ប្រាក់បញ្ញើសហព័ន្ធ (FDIC) និងទុនបម្រុងសហព័ន្ធ (Federal Reserve) និងការពិគ្រោះយោបល់ ជាមួយប្រធានាធិបតី លេខាធិការលោកស្រី Yellen រដ្ឋាភិបាលបានសម្រេចអនុម័តសកម្មភាពធានា ដំណោះស្រាយសម្រាប់ធនាគារ Silicon Valley ក្នុងលក្ខណៈមួយដែលការពារយ៉ាងពេញលេញ អ្នកដាក់ប្រាក់បញ្ញើទាំងអស់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “អ្នកដាក់ប្រាក់នឹងមានសិទ្ធិអាចចូលយកប្រាក់ទាំងអស់របស់ពួកគេ ចាប់ពីថ្ងៃចន្ទ ទី ១៣ ខែមីនា”។ រដ្ឋាភិបាលនឹងផ្តល់មូលនិធិដល់ធនាគារតាមរយៈមធ្យោបាយថ្មី ដើម្បីជួយធានាថា ធនាគារអាចបំពេញតាមរាល់ការដកប្រាក់របស់អ្នកដាក់ប្រាក់ ហើយដែលសំខាន់ គឺការបញ្ឈប់រាល់សកម្មភាពប្រាក់បញ្ញើទាំងអស់ – ទាំងអ្នកធានារ៉ាប់រង និងមិនមានធានារ៉ាប់រង – នៅទូទាំងប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា