សន្ដិសុខសង្គម

បើកសវនាការបណ្ដឹងសាទុក្ខជនបរទេសរឿងគ្រឿងញៀនជាង១គីឡូក្រាម

ភ្នំពេញ៖តុលាការកំពូលព្រឹកថ្ងៃទី១៣ខែមីនានេះ បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់​ជនជាតិសិង្ហបុរីម្នាក់និងស្ត្រីខ្មែរម្នាក់ ករណីជូញដូរគ្រឿងញៀនជាង១គីឡូក្រាម ដោយយកថ្ងៃទី២០ ខែមីនា ប្រកាសសាលដីកា។

សមត្ថកិច្ចបានបញ្ជាក់ថា ចៅក្រមជំនុំជម្រះតុលាការភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ១.ឈ្មោះ គី ម៉េងហ័រ ភេទប្រុសអាយុ៧១ឆ្នាំ ជនជាតិសិង្ហបុរី ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ។ក្នុងនោះពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទផលិត-ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ឈ្មោះ ខៀវ ស្រីទូច អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ជាសង្សារ ដាក់ពន្ធនាគារកំណត់៦ខែ ចោទពីបទប្រើប្រាស់នូវសារធាតុញៀន។ពួកគេប្រព្រឹត្តនៅអាផាតមិនបាលី បន្ទប់B1ជាន់ទី១៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីអំឡុងឆ្នាំ២០១៤ រហូតដល់ថ្ងៃទី២១ខែមីនា២០២០។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមីនា២០២០ ដកហូតវត្ថុតាងឧបករណ៍កែច្នៃមួយគ្រឿង និងសារធាតុផ្សំមួយចំនួន-សារធាតុញៀន​ជាច្រើនប្រភេទសរុប១គីឡូ៥ក្រាម៕ដោយ៖វិចិត្រ