សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យចំនួន៣នាក់ ករណីលួចម៉ូតូទៅតុលាការ

ភ្នំពេញ៖ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូពេលយប់បានសម្រេច លុះព្រឹកឡើងពួកគេនាំគ្នា​ដោះបំបែកគ្រឿងចេញពីតួ ត្រូវសមត្ថកិច្ចក្របួចបាន៣នាក់និងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានករណីចោរលួចម៉ូតូមួយគ្រឿងយកទៅបាត់​ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមីនា។ក្រោយពីមានចោរលួចម៉ូតូរួច ព្រឹកថ្ងៃដដែលកម្លាំងនគរបាលជំនាញខណ្ឌខណ្ឌពោធិ៍សែនជ័យ​ក៏ស្រាវជ្រាវ​តាមចាប់ក្រុមចោរបាន៣នាក់។

ជនសង្ស័យទាំង៣នាក់-ឈ្មោះ ឈិន ណុប អាយុ២៣ឆ្នាំ-ឈ្មោះ វ៉ាន់ថា បញ្ញា អាយុ២២ឆ្នាំ -និងឈ្មោះលី ទី អាយុ២៣ឆ្នាំ។ពួកគេស្នាក់នៅបន្ទប់ជួលខណ្ឌពោធិ៍សែនជ័យ កន្លែងកំណើត ភូមិកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកម្ចាស់ម៉ូតូឈ្មោះ សូត្រ រតនា អាយុ២០ឆ្នាំ ជាបុគ្គលិកហាង KTV ស្នាក់នៅបន្ទប់ជួលខាងលើ។

ម៉ូតូដែលជនសង្ស័យលួចយកម៉ាកនិច ផ្លាកលេខកំពង់ធំ1O-3013 ត្រូវបានជនសង្ស័យ​ដោះផ្លាកលេខនិងគ្រឿងចេញជាបំណែកៗ។ក្រោយចាប់ខ្លួនសមត្ថកិច្ចនាំយក​ជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង ទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីសាកសួរនិង​កសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ