សន្ដិសុខសង្គម

ត្រៀមបញ្ជូនចិន៣នាក់ពាក់ព័ន្ធបង្ខាំងមនុស្ស,អាវុធនិងគ្រឿងញៀនទៅតុលាការ

ខេត្តព្រះសីហនុ៖សមត្ថកិច្ចបានចាប់ជនសង្ស័យជាជនជាតិចិន៣នាក់ ពាក់ព័ន្ធការចាប់បង្ខាំង ចិនដូចគ្នា ដកហូតអាវុធគ្រាប់និងគ្រឿងញៀនមួយចំនួនត្រៀមបញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងកាលពីល្ងាច​ថ្ងៃ១២មីនាថា នគរបាលជំនាញបានស្រាវជ្រាវចាប់ចិន៣នាក់ ពាក់ព័ន្ធការចាប់បង្ខាំងចិនដូចគ្នា។សមត្ថកិច្ចកិច្ចដកហូតអាវុធគ្រាប់និងគ្រឿងញៀនមួយចំនួន។ក្នុងនោះជនរងគ្រោះជាជនជាតិចិនម្នាក់​ក៏ត្រូវបានជួយសង្គ្រោះ។

ប្រតិបត្តិការនេះធ្វើឡើងនៅកាលពីរសៀលថ្ងៃទី១០ ខែមីនា បន្ទាប់ពីមានបណ្តឹងតាមរយៈទំព័រហ្វេសប៊ុក​ផេករបស់សម្តេចក្រឡាហោម ស ខេង ឱ្យសមត្ថកិច្ចជួយស្វែងរកជនបរទេសជនជាតិចិនម្នាក់ ឈ្មោះ HU RONG អាយុ៣២ឆ្នាំ ដែលបាត់ខ្លួននៅក្នុងខេត្តព្រះសីហនុ។

កម្លាំងចម្រុះបានចុះស្រាវជ្រាវក្នុងខុនដូរយីហោ LZ SEAVIEW RESIDDENCE ស្ថិតក្នុងភូមិ៥សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ រកឃើញជនសង្ស័យជាជនជាតិចិនពាក់ព័ន្ធចំនួន៣នាក់។ពួកគេមានអាយុពី២៣ដល់៣៨ឆ្នាំ។ សម្ភារដកហូត-រថយន្ត AUDI ផ្លាកលេខ 2AD8796 -រថយន្ត RANDROVER ផ្លាកលេខកម្ពុជា CAR.LIF7- រថយន្ត RANDROVER ផ្លាកលេខភ្នំពេញ2AW-5665 – អាវុធខ្លីម៉ាក GLOCK19 GEN 4 មាន១០គ្រាប់-អាវុធGLOCK 17 ខ្លីប្រើហ្គាស-ទូរសព្ទ២គ្រឿង-ដំបងដែក១ដើមនិងគ្រឿងញៀនមួយចំនួនធំ។

ជនសង្ស័យពាក់ព័ន្ធក្នុងករណីនេះនិងជនរងគ្រោះ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅ​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវបន្តរកបក្ខពួកនិងត្រៀមបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ