សន្ដិសុខសង្គម

តុលាការឱ្យមនុស្ស២នាក់ចូលបំភ្លឺ រឿងកាប់ព្រៃយកដីនៅមន្ទីរបរិស្ថានខេត្ត

ស្ទឹងត្រែង៖តុលាការបានចេញបញ្ជាឱ្យមនុស្ស២នាក់ចូលបំភ្លឺ ករណីកាប់រុករានព្រៃរបស់រដ្ឋ​យកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅមន្ទីរបរិស្ថានខេត្ត។

លោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានចេញដីកា បញ្ជាឱ្យមនុស្ស២នាក់ចូលខ្លួនបំភ្លឺជុំវិញរឿងបែងចែកនិងកាប់រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិក្នុងច្រករបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន។

ដីកាបញ្ជាឱ្យចូលខ្លួននៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងឱ្យបានមុនថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៣។ជនជាប់សង្ស័យក្នុងសំណុំរឿងខាងលើនេះឈ្មោះ អ៊ិន ភុំ អាយុ៤៥ឆ្នាំ និងឈ្មោះទ្វែនចិន។អ្នកទាំង២បច្ចុប្បន្ននៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

កាលពីកន្លងទៅថ្មីនេះ កម្លាំងអាជ្ញាធរបានកំណត់មុខសញ្ញាឈ្មោះអ៊ិន ភុំ និងឈ្មោះទ្វែន ចិន គឺជាមេខ្លោងឃោសនាចែកដីឱ្យប្រជាពលរដ្ឋ ក្នុងមួយគ្រួសារក្បាលដីមានទំហំ៥០ម៉ែត្រ​បណ្តោយ៦០០ម៉ែត្រ នៅតំបន់អូរតាឡាស ស្រុកបុរីអូរស្វាយសែនជ័យ។ចលនាកាប់រានព្រៃ​យកដីបែបអនាធិបតេយ្យនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាស្រាវជ្រាវរកអ្នកពាក់ព័ន្ធនៅពីក្រោយបន្ថែមទៀត៕ដោយ:សុខុម