អន្តរជាតិ

ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramcoសម្ងំរកប្រាក់ចំណេញបានកប់ក្តោង ខណៈពិភពលោកកំពុងអស្ថិរភាព

ក្រុមហ៊ុនប្រេងយក្ស Aramco របស់ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសពីប្រាក់ចំណេញ​កប់ក្តោងប្រចាំឆ្នាំ២០២២ ក្នុងកំណត់ត្រាគួរឲ្យភ្ញាក់ផ្អើលចំពេលដែលពិភពលោកកំពុងអស្ថិរភាព​សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។

យោងតាមសេចក្តីប្រកាសរបស់នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនរដ្ឋAramco   អារ៉ាប៊ីសាអូឌីត លោក Amin H Nasser កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ប្រាក់ចំណូលដែលរក​បានសម្រាប់ការបិទបញ្ចប់ឆ្នាំ២០២២ បានកើនឡើងខ្ពស់រហូតដល់១៦១ពាន់លានដុល្លារ ច្រើនបំផុតមិនគួរជឿ ដែលធៀបប្រាក់ចំណេញ១១០ពាន់លានដុល្លារកាលពីឆ្នាំ២០២១ គឺបានកើនឡើងរហូតដល់៤៦.៥ ភាគរយ។ ហើយបើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលរកបានត្រឹមតែ ៤៩ពាន់លានដុល្លារទៀត គឺខុសគ្នាកាន់តែឆ្ងាយ។

ប្រាក់ចំណេញដ៏ចម្លែករបស់ក្រុមហ៊ុននេះ ត្រូវបានគេដឹងថាបានមកពីអំណោយផលនៃតម្លៃ​ថាមពលដែលកើនឡើង បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមធ្វើសង្រ្គាមលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ជាមួយនឹងការដាក់ទណ្ឌកម្មកំណត់ការលក់ប្រេង និងឧស្ម័នធម្មជាតិរបស់ទីក្រុងមូស្គូនៅក្នុង​ទីផ្សារលោកខាងលិច។

ទន្ទឹមនេះ ក្រុមហ៊ុន Aramco ក៏សង្ឃឹមថានឹងបង្កើនផលិតកម្មរបស់ខ្លួន ដើម្បីទាញយកអត្ថប្រយោជន៍​ពីតម្រូវការទីផ្សារ នៅពេលដែលប្រទេសចិនបានលុបចោលការរឹតបន្តឹងលើមេរោគឆ្លងចូលទីផ្សារ​ពិភពលោកឡើងវិញ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា