សន្ដិសុខសង្គម

កែច្នៃផាវគ្រាប់បែកបោកយកត្រីខុសបច្ចេកទេសផ្ទុះរបួសធ្ងន់ធ្ងរ

ប៉ៃលិន៖បុរសម្នាក់មានគំនិតដ៏គ្រោះថ្នាក់ បានយកផាវប្រភេទគ្រាប់បែកមកកែច្នៃដើម្បីបោកត្រីក្នុងអូរ ទំនងខុសបច្ចេកទេសបណ្តាលឱ្យផ្ទុះដាច់ដៃម្ខាងជាចម្រៀកៗរងរបួសធ្ងន់ធ្ងរ។

មន្ត្រីនគរបាលគ្រប់គ្រងអាវុធជាតិគ្រឿងផ្ទុះខេត្តប៉ៃលិនបានឱ្យដឹងថា មានករណីផ្ទុះផាវគ្រាប់បែក​បណ្តាលឱ្យបុរសអ្នកនេសាទម្នាក់រងរបួសធ្ងន់ នៅត្រង់អូរកប់អង្ករ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែមីនា។

សមត្ថកិច្ចជំនាញបានបន្តថា ជនរងគ្រោះមានឈ្មោះឌុច សូនី អាយុ ៣៧ឆ្នាំ នៅភូមិឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ ត្រូវសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

មុនកើតហេតុ បុរសមានគំនិតបង្កគ្រោះថ្នាក់ខ្លួនឯងនោះ បានយកផាវគ្រាប់បែកមកកែច្នៃ​ដើម្បីបោកយកត្រីក្នុងអូរ។ដំបូងគេបានយករំសេវផាវដាក់ចូលក្នុងត្បាល់រួចបុក​ហើយក៏ផ្ទុះឡើងលាន់រំពងភូមិ បណ្ដាលឱ្យរងរបួសធ្ងន់ពេញរាងកាយ និងដាច់ប្រអប់ដៃម្ខាងជាចម្រៀកៗតែម្តង៕

ដោយ៖ ព្រះអង្គខ្មៅ