អន្តរជាតិ

កូរ៉េខាងជើងបាញ់កាំជ្រួចពីរគ្រាប់ចេញពីនាវាមុជទឹក កំញើញអាម៉េរិក

ខណៈដែលថ្ងៃនៃសមយុទ្ធរវាងអាម៉េរិក និងកូរ៉េខាងត្បូងបានចូលមកដល់ កូរ៉េខាងជើងនៅថ្ងៃចន្ទទី ១៣ ខែមីនានេះបានបាញ់មីស៊ីលពីរគ្រាប់ចេញពីនាវាមុជទឹកជាការកំញើញ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែមីនានេះថា ប្រទេសកូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់សាកល្បងនូវកាំជ្រួចយុទ្ធសាស្ត្រចំនួនពីរ ពីនាវាមុជទឹកមួយកាលពីថ្ងៃអាទិត្យដោយជោគជ័យ។

KCNA បានបន្តថា ការបាញ់បង្ហោះនេះបានបញ្ជាក់ពីភាពជឿជាក់នៃប្រព័ន្ធ និងបានសាកល្បងប្រតិបត្តិការវាយលុក​ក្រោមទឹករបស់អង្គភាពនាវាមុជទឹក ដែលជាផ្នែកមួយនៃការរារាំងនុយក្លេអ៊ែររបស់ប្រទេស​កូរ៉េខាងជើង។

បើទោះជាមិនមានសេចក្តីរាយការណ៍ពីការប៉ះទង្គិចគ្នាក៏ដោយ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា យោធាខ្លួនកំពុងមានការប្រុងប្រយ័ត្នខ្ពស់ ហើយទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់របស់ប្រទេសនេះកំពុងធ្វើការជាមួយសមភាគីអាម៉េរិក ដើម្បីវិភាគពីភាពជាក់លាក់នៃការ​បាញ់បង្ហោះរបស់កូរ៉េខាងជើង។

នៅថ្ងៃចន្ទនេះកងទ័ពកូរ៉េខាងត្បូង និងអាម៉េរិកដល់ថ្ងៃត្រូវចាប់ផ្តើម​សមយុទ្ធរួមគ្នាដែលបានគ្រោងទុក​ហើយ ខណៈមានរយៈពេល ១១ ថ្ងៃ មានឈ្មោះថា “Freedom Shield 23” ធ្វើឡើងក្នុងកម្រិតមួយដែលមិនធ្លាប់បានឃើញចាប់តាំងពីឆ្នាំ ២០១៧ មក៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា