អន្តរជាតិ

ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ីរើសបុគ្គលិកបន្ថែមនៅទូទាំងក្រុងជាង៤០

ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី បានប្រកាសបើកចុះឈ្មោះរើសបុគ្គលិកបន្ថែមនៅទូទាំងក្រុងជាង​៤០នៃប្រទេសរុស្ស៊ី ខណៈដែលការប្រយុទ្ធនៅអ៊ុយក្រែនកំពុងបន្ត។

លោក Yevgeny Prigozhin មេទាហានស៊ីឈ្នួល Wagner បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ដោយសំដៅ​ទៅលើក្រុមហ៊ុនយោធាឯកជនរបស់គាត់ថា “មជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកសម្រាប់ PMC Wagner បានបើកនៅក្នុងទីក្រុងចំនួន ៤២ នៃប្រទេសរុស្ស៊ីហើយ” ។ អ្នកប្រយុទ្ធនឹងត្រូវបានជ្រើសរើស​នៅក្នុងមជ្ឈមណ្ឌលកីឡា និងក្លឹបសិល្បៈក្បាច់គុន នេះបើយោងតាមបញ្ជីដែលចេញផ្សាយដោយលោក Prigozhin ។

ការបើករើសសមាជិកទ័ពបន្ថែមនេះ កើតឡើងក្នុងពេលដែលសមរភូមិបាក់មុតខេត្តដូណេត​ភាគខាងកើត​ប្រទេសអ៊ុយក្រែនកំពុងបន្ត ហើយទាហានស៊ីឈ្នួលរុស្ស៊ីហាក់មានប្រៀបយ៉ាងខ្លាំង។ អ្នកជំនួញដែលគាំទ្រវិមានក្រឹមឡាំង អាយុ ៦១ ឆ្នាំម្នាក់បាននិយាយថា “ទោះបីជាមានការតស៊ូ​ដ៏ខ្លាំងជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏ដោយ ក៏យើងនឹងឆ្ពោះទៅមុខដែរ”។ ក្រុមទាហានស៊ីឈ្នួល Wagner បាននិងកំពុងដឹកនាំការវាយលុករបស់រុស្ស៊ីក្នុងការប្រយុទ្ធ​បង្ហូរឈាមសម្រាប់ទីក្រុង Bakhmut៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា