សន្ដិសុខសង្គម

ជិះម៉ូតូពេលយប់បុកគោរត់ឆ្លងផ្លូវ ដួលបោកក្បាលរងរបួសធ្ងន់

ស្វាយរៀង៖បុរសម្នាក់ជិះម៉ូតូពេលយប់ ស្រាប់តែមានគោមួយក្បាលរត់ឆ្លងផ្លូវ ហើយម៉ូតូនោះ បានបុកបណ្តាលឱ្យដួលរងរបួសធ្ងន់ ត្រូវអ្នកភូមិជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ១៣ ត្រង់ភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៩ ខែមីនា។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសរងរបួសឈ្មោះម៉ី ភារុន  អាយុ២៦ឆ្នាំ នៅភូមិត្រពាំងរុនទី២ ស្រុករមាសហែក ខេត្តស្វាយរៀង។

មុនកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាក HONDA Dream ផ្លាកលេខស្វាយរៀង1G-2123លើផ្លូវជាតិលេខ១៣ ពីជើងទៅត្បូង។មកដល់កន្លែងខាងលើក្នុងស្ថានភាពយប់ងងឹតផង មានគោមួយក្បាលរត់ឆ្លងកាត់ផ្លូវត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់។ចំណែកគោក្រោយបង្កហេតុបានបោលចូលព្រៃបាត់ សមត្ថកិច្ចមិនទាន់រកឃើញម្ចាស់គោ នោះនៅឡើយទេ៕ដោយ៖វិចិត្រ