អន្តរជាតិ

ប្រទេសអូស្រ្តាលីនឹងទិញនាវាមុជទឹកនុយក្លេអ៊ែរ៥គ្រឿងពីអាម៉េរិក

ប្រទេសអូស្រ្តាលីនឹងទិញនាវាមុជទឹកយុទ្ធសាស្រ្តនុយក្លេអ៊ែរពីអាម៉េរិកចំនួន៥គ្រឿងនៅឆ្នាំ២០៣០ ក្នុងកិច្ចព្រមព្រៀងសន្តិសុខប៉ាស៊ីហ្វិកសម្ព័ន្ធមិត្តអាម៉េរិក និងចក្រភពអង់គ្លេស។

យោងតាមមន្ត្រីអាម៉េរិកបួននាក់ថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា កិច្ចព្រមព្រៀង AUKUS នាវាមុជទឹកអាម៉េរិកយ៉ាងហោចណាស់មួយគ្រឿងនឹងទៅទស្សនាកំពង់ផែ​អូស្ត្រាលីក្នុងប៉ុន្មានឆ្នាំខាងមុខ នាវាមុជទឹកប្រភេទថ្មីនេះនឹងត្រូវបានសាងសង់ឡើងជាមួយនឹងការរចនា​ដោយចក្រភពអង់គ្លេស រ៉ាប់រ៉ងបច្ចេកវិទ្យាដោយសហរដ្ឋអាម៉េរិក។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese គ្រោងនឹងជួបជាមួយប្រធានាធិបតីអាម៉េរិក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នៅរដ្ឋ San Diego អាម៉េរិកនៅថ្ងៃចន្ទ ដើម្បីបង្ហាញពីជំហានបន្ទាប់របស់ AUKUS ។ មន្ត្រីពីររូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីដំណើរ​ទស្សនកិច្ចកំពង់ផែប្រចាំឆ្នាំនេះ សហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយនាវាមុជទឹកមួយ​ចំនួននៅតំបន់ភាគ​ខាងលិចអូស្ត្រាលីនៅប្រហែលឆ្នាំ ២០២៧ ។ ហើយនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ អូស្ត្រាលីនឹងទិញ​នាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Virginia ចំនួន ៣ គ្រឿងមុជទឹកបានយូរ រកមិនងាយឃើញ ខណៈ២គ្រឿង​ទៀតនឹងរង់ចាំមើលជាក់ស្តែង។

គួរដឹងថា កតិកាសញ្ញាសន្តិសុខប៉ាស៊ីហ្វិកបានប្រកាសជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីប្រឆាំងនឹងការកើនឡើងនៃកម្លាំង និងជំហររឹងមាំ​របស់ចិននៅក្នុងតំបន់ ធ្វើឲ្យចិនខឹងសម្បា បញ្ចេញការថ្កោលទោសយ៉ាងខ្លាំង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា