សន្ដិសុខសង្គម

សង្ស័យស្រវឹងបើករថយន្តធ្លាក់ចូលទឹកស្ទឹង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ពោធិ៍សាត់៖បុរសម្នាក់សង្ស័យផឹកស្រាស្រវឹង បានបើករថយន្តផ្លាកលេខខេមរភូមិន្ទក្នុងល្បឿនលឿន ក្រឡាប់ធ្លាក់ចូលទឹកស្ទឹងបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ តៃកុងរងរបួសធ្ងន់។ហេតុការណ៍ដ៏ព្រឺព្រួច​នោះបានកើតឡើងនៅតាមមាត់ស្ទឹង ត្រង់កន្លែងផ្លូវកោងក្បែរវត្តលលកសថ្មី ឋិតក្នុងសង្កាត់លលកស ក្រុង/ខេត្តពោធិ៍សាត់ កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី៧ ខែមីនា។

មន្ត្រីនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា រថយន្តម៉ាក HIRIDER ផ្លាកលេខ ខេមរភូមិន្ទ 2-4934 បើកបរដោយឈ្មោះ ម៉ៅ សុវណ្ណារ៉ា អាយុ៣០ឆ្នាំ នៅភូមិ/ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ស្ត្រីរួមដំណើរឈ្មោះ រម្យ សីហា អាយុ២៧ឆ្នាំ នៅភូមិ.ឃុំជាមួយគ្នា ជាអ្នកលក់ខោអាវនៅព្រំដែនកម្ពុជា-ថៃបានស្លាប់។

មុនកើតហេតុ គេឃើញអ្នករងគ្រោះជួបជុំជាមួយមិតភក្តិផឹកស៊ីក្នុងហាងមួយយីហោ“ទឹកមាស”។បន្ទាប់មកពួកគេបានបន្តទៅផឹកនៅហាង“ស្ទឹងមាស”ទៀត ហើយស្រវឹងយ៉ាងជោកជាំ។ក្នុងស្ថានភាពបែបនេះមិត្តភក្ដិមិនឱ្យបើករថយន្តទេ។ ប៉ុន្តែបុរសរូបនោះនៅតែរឹងរូស​ក៏បើករថយន្តចេញទៅយ៉ាងលឿនរហូតជ្រុលធ្លាក់ទឹកស្ទឹងបណ្តាលឱ្យស្លាប់និងរបួសតែម្តង៕ដោយ៖វិចិត្រ