កំពត៖រថយន្ត២គ្រឿងបានបើកបុកគ្នាពេញទំហឹង បណ្តាលឱ្យអ្នកបើកបរភាគីម្ខាងបានស្លាប់ ។ហេតុការណ៍នេះនៅលើផ្លូវជាតិលេខ៣ ក្នុងភូមិល្អាង ស្រុកដងទង់ កាលពីរសៀលថ្ងៃទី៥ ខែមីនា។
មន្ត្រីនគរបាលចរាចរណ៍ស្រុកដងទង់បានឱ្យដឹងថា បុរសដែលស្លាប់ក្នុងករណីខាងលើ ឈ្មោះ ក្រិញ ក្រៀម អាយុ ៣៨ឆ្នាំ នៅភូមិសូប៉េង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។មុនគ្រោះថ្នាក់នេះកើតឡើង គេឃើញរថយន្តម៉ាកហ៊ីណូ ផ្លាកលេខព្រះសីហនុ3A-7748 និងមានសណ្តោងរ៉ឺម៉ក បើកពីលិចទៅកើត។ពេលនោះស្រាប់តែមានរថយន្តតាកូម៉ា ផ្លាកលេខភ្នំពេញ2L-1983 មកពីមុខក៏បានបុកគ្នាពេញទំហឹងបណ្តាលឱ្យអ្នកបើកបររថយន្តតាកូម៉ា ស្លាប់ភ្លាមៗ។ក្នុងស្ថានភាពបែបនេះ អ្នកបើកបររថយន្តហ៊ីណូបានចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ កម្លាំងជំនាញបានយករថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់។បន្ទាប់មកសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តសណ្តោងដើម្បីយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖កំចាយ