ព័ត៌មានជាតិ

អង្គរសង្ក្រាន្តឆ្នាំ២០២៣ គ្រោងនឹងបំបែកឯតទគ្គកម្មពិភពលោកលើវិញ្ញាសា២ធំៗ

សៀមរាប៖ មន្ត្រីក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឲ្យដឹងថា៖ ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរឆ្នាំ២០២៣នេះ គឺជាខួបលើកទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលគ្រោងនឹងរៀបចំឡើងឲ្យធំជាងពេលមុនៗ ដោយមានកម្មវិធីកម្សាន្ដចំនួន៤៤កម្មវិធី​នៅតំបន់រមណីយដ្ឋានអង្គរ និងនៅក្នុងក្រុងសៀមរាប ហើយនឹងមានយុវជននៃក្រុមសហភាព​សហព័ន្ធយុវជនកម្ពុជាចូលរួមប្រមាណ៥០០០នាក់។

ប្រធានផ្នែកព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​របស់សហភាពសហព័ន្ធយុវជនកម្ពុជា លោក សោម រតនា មានប្រសាសន៍ថា៖ ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសាខាងមុខ ក្រោមប្រធានបទ«ក្ដីស្រមៃ និងក្ដីសង្ឃឹម»។ លោក សោម រតនា មានប្រសាសន៍បន្តទៀតថា៖ អង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសាជាថ្មី ស្របពេលខួប១០ឆ្នាំ ដែលនឹងនាំមកនូវការសប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ហើយក៏ជាព្រឹត្តិការណ៍បំបែកកំណត់ត្រាជា​ប្រវត្តិសាស្ត្រលើពិភពលោកលើវិញ្ញាសារាំចង្វាក់ម៉ាឌីហ្សូន និងវិញ្ញាសាបត់ក្រដាសជារូបបេះដូង​(Beyond the Games)ផងដែរ។

កាលពីឆ្នាំ២០១៥ កម្ពុជាធ្លាប់បានបំបែកកំណត់ត្រាពិភពលោកលើវិញ្ញាសារាំចង្វាក់ម៉ាឌីហ្សូន​ម្តងមកហើយ ដែលកាលណោះមានយុវជនចំនួន២០១៥នាក់បានស្ម័គ្រចូលរួមបំបែកកំណត់ត្រានេះ ហើយសម្រាប់ឆ្នាំ២០២៣នេះគេរំពឹងថា អាចនឹងមានយុវជនចំនួន៣ពាន់នាក់ចូលរួម ឯសម្រាប់ការបត់រូបបេះដូងវិញរំពឹងថានឹងមានអ្នកចូលរួមបត់រូបឱ្យបាន១លានបេះដូង។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនត្រឹមតែរំលឹកអំពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរម្ដងៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំផុសស្មារតីពលរដ្ឋកម្ពុជា ជាពិសេសយុវជនខ្មែរជំនាន់ក្រោយ ឱ្យមានគំនិតរួបរួម​សាមគ្គីគ្នាដូចជាគ្រួសារខ្មែរតែមួយ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់ជាតិ វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ អភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ក្រោមបាវចនាជាតិ ព្រលឹងនិងអត្តសញ្ញាណជាតិខ្មែរ ហើយក៏ជាឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា ឱ្យចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ដែលជាមាសពណ៌បៃតងរបស់កម្ពុជាថែមទៀត។

មន្ត្រីក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឱ្យដឹងថា៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ នឹងរៀបចំចំនួន៦ទីតាំង មានកម្មវិធីកម្សាន្ដចំនួន៤៤កម្មវិធី ដែលរៀបចំឡើងនៅតំបន់រមណីយដ្ឋានអង្គរ និងនៅក្នុងក្រុងសៀមរាប ជាមួយគ្នានេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏នឹងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ  លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំងការផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញនិងភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាខ្មែរជាដើម។

អាជ្ញាធរជាតិអប្សរា ក៏កំពុងប្រឹងប្រែងខ្នះខ្នែងបើកការដ្ឋានសាងសង់ភូមិបេតិកភណ្ឌ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះដែរ។

តាំងតែថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរានិងថ្នាក់ដឹកនាំជាច្រើនរូប បានប្រារព្ធធ្វើពិធីប្រុងពាលីចំពោះម្ចាស់ទឹកម្ចាស់ដីនិងបារមីនៃវត្ថុសក្តិសិទ្ធិ នៅខាងមុខអង្គរវត្ត ដើម្បីសុំរៀបចំបើកការដ្ឋានសាងសង់ភូមិបេតិកភណ្ឌនិងស្តង់ពិព័រណ៍ ដើម្បីត្រៀមបង្ហាញអំពីបេតិកភណ្ឌរូបិយ ដែលជាការបង្ហាញឧបករណ៍បច្ចេកទេសនៃការរំលីងថ្ម ដើម្បីយកមកផ្គុំកសាងប្រាសាទ ដែលមានសល់នៅតាមចម្លាក់របស់ប្រាសាទបាយ័ន ការបង្ហាញអំពីបច្ចេកទេសនៃការជួសជុលប្រាសាទទឹក ការចារសាស្ត្រាស្លឹករឹត បង្ហាញអំពីសិល្បៈនៃការសូនភាជន៍និងវប្បធម៌អរូបិយមួយចំនួនទៀត ដូចជាបង្ហាញអំពីចម្លាក់ស្បែកតូច ស្បែកធំ ព្រមទាំងមានលេងល្បែងប្រជាប្រិយ មានក្រុមភ្លេងកន្រ្ទឹម របស់អ្នកភូមិត្បែង មកលេងកំដរនិងរាំលេងម្សាន្តផង។

មន្ត្រីរដ្ឋាភិបាល បានចាត់ទុកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមែនត្រឹមតែជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិនិងធ្វើឱ្យពលរដ្ឋខ្មែរបានចូលរួមសប្បាយប៉ុណ្ណោះទេ  វាក៏ជាព្រឹត្តិការណ៍គាស់រំលើងនូវ​ល្បែងរបាំប្រជាប្រិយខ្មែរនានាដែលធ្លាប់មានពីមុនមកឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្គាល់ ហើយក្រៅពីនេះ ព្រឹត្តិការណ៍អង្គរសង្ក្រានក៏នឹងនាំចំណូលប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប​អាចរកប្រាក់កម្រៃជួយដល់ជីវភាពប្រចាំថ្ងៃបានមួយកម្រិតផងដែរ៕