អន្តរជាតិ

 មេទាហានស៊ីឈ្នួលរុស្ស៊ី ព្រួយបារម្ភរឿងអស់គ្រាប់រំសេវ

មេទាហានស៊ីឈ្នួលរុស្ស៊ីសំដែងការព្រួយបារម្ភពីការខ្វះខាតអាវុធមិនឃើញដឹកមកតាមការដង្ហោយហៅ ខណៈដែលការមានប្រៀបក្នុងតំបន់ក្រុងបាក់មុតកំពុងបន្តឡើងគួរឲ្យសម្គាល់។

បើតាមបណ្តាញសារព័ត៌មានឯករាជ្យរ៉យទ័រ ដែលជាភ្នាក់ងារផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់បំផុត បានឲ្យដឹងនៅថ្ងៃចន្ទទី ៦ ខែមីនា ឆ្នាំ២០២៣នេះថា មេទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin បានសំដែងការព្រួយបារម្ភពិតប្រាកដមែន  ជុំវិញផែនការ និងវឌ្ឍនភាពក្នុងសមរភូមិខេត្តដូណេត ពិសេសក្នុងតំបន់ក្រុងបាក់មុតដែលកំពុងទទួលបានប្រៀបខ្ពស់គួរឲ្យកត់សម្គាល់ចាប់តាំងពីសង្រ្គាមថ្ងៃដំបូង។ Prigozhin បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍ថា “ប្រសិនបើទាហានស៊ីឈ្នួល ហៅថា Wagner ត្រូវដកថយពី Bakhmut ឥឡូវនេះវិញ នោះផ្នែកខាងមុខ ទាំងមូលរបស់រុស្ស៊ីនឹងមិនខុសអ្វីពីការដួលរលំ”។

សម្រង់សម្ដី Prigozhin “ស្ថានការណ៍នឹងមិនអំណោយផលសម្រាប់ការបង្កើតកម្លាំងយោធាទាំងអស់ ឡើងវិញជាថ្មីនោះទេ”។ ក្នុងន័យនេះ Prigozhin ចង់បានន័យថា បើទាហានស៊ីឈ្នួលត្រូវដកថយ ទាំងដែលបច្ចុប្បន្នកំពុងទទួលបានប្រៀបទៅហើយនោះ ថ្ងៃក្រោយវានឹងពិបាកខ្លំាងក្នុងការផ្តុំកម្លាំង វាយលុកម្តងទៀត”។

Prigozhin បានបន្តនិយាយទៀតថា  លោកមានការមន្ទិលយ៉ាងខ្លាំងជាមួយប្រមុខការពារជាតិរុស្ស៊ី ខណៈដែលលោកបានស្នើសុំអាវុធយូរណាស់ហើយ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានឃើញការ ដឹកជញ្ជូនណាមួយធ្វើឡើងនោះទេ។

លោក Prigozhin ថា “សម្រាប់ពេលនេះ យើងកំពុងព្យាយាមរកមូលហេតុ៖ ថាតើវាគ្រាន់តែ ជាការ យឺតយ៉ាវផ្នែករដ្ឋបាល ឬមួយជាការក្បត់”។ ជុំវិញព័ត៌មាននេះ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតប ឡើយ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា