អន្តរជាតិ

មនុស្សចន្លោះ៤ពាន់នាក់ជាប់គាំងក្នុងទីក្រុងបាក់មុតសមរភូមិក្តៅនៃខេត្តដូណេត

អ៊ុយក្រែនរាយការណ៍ថា មនុស្សចន្លោះ៤ពាន់នាក់ កំពុងជាប់គាំងក្នុងទីក្រុងបាក់មុតសមរភូមិក្តៅនៃ​ខេត្តដូណេតភាគខាងកើត ខណៈក្នុងមួយថ្ងៃជម្លៀសបានយ៉ាងច្រើនបំផុត១០នាក់ប៉ុណ្ណោះ។

អភិបាលរងក្រុងអ៊ុយក្រែន លោក Oleksandr Marchenko បានប្រាប់បណ្តាញសារព័ត៌មាន CNN អាម៉េរិកថា ទាហានការពារអ៊ុយក្រែនត្រូវបានរារាំងមិនឱ្យធ្វើដំណើរចូលទៅដល់កន្លែងដែលអ្នកស្រុក​កំពុងស្ថិតនៅ ដោយសារការវាយប្រហាររបស់រុស្ស៊ីខ្លំាងសន្ធាប់ពេក។ លោកបាន​និយាយ​ថា​៖ “សត្រូវ​បានវាយ​ដណ្តើម​ទីក្រុង​ដោយ​គ្រប់​មធ្យោបាយ​ដែល​ពួកគេ​អាច​ធ្វើ​បាន។ ហើយអ្នកស្រុកដែលគេជឿថា​ជាជនស៊ីវិលចន្លោះពី ៤០០០ ទៅ៤៥០០នាក់នៅតែកំពុងជាប់គាំងនៅក្នុងទីក្រុងដោយគ្មានឧស្ម័ន អគ្គិសនី និងទឹកប្រើប្រាស់។ ក្នុងនោះក៏មានបុគ្គលិកពេទ្យបួននាក់ផងដែរ។តាមសេចក្តី រាយការណ៍ដដែល ក្នុងមួយថ្ងៃទាហានអ៊ុយក្រែនអាចជម្លៀសបានត្រឹមតែ ៥ ទៅ ១០នាក់ប៉ុណ្ណោះ ដែលជាកម្រិតមួយទាបបំផុត ធៀបនឹងកាលដែលរុស្ស៊ីមិនទាន់បុកខ្លាំងជម្លៀសបានរហូតទៅដល់​៦០០នាក់ឯណោះ។

ទីក្រុងបាក់មុតដែលកាលមិនទាន់មានសង្រ្គាមមានប្រជាជន ៧៣០០០នាក់ គឺជាទីក្រុងឧស្សាហកម្​មដ៏សកម្ម និងសម្បូរសប្បាយបំផុតមួយរបស់អ៊ុយក្រែន។ យ៉ាងណាគិតមកដល់ទល់នឹងថ្ងៃចន្ទទី ៦ សប្តាហ៍នេះ បាក់មុតត្រូវបានសារព័ត៌មានអន្តរជាតិធំៗរាយការណ៍មកថា វាស្ទើរតែត្រូវបានបំផ្លាញ​ដូចទៅនឹងក្រុងកំពង់ផែម៉ារីយ៉ូប៉ូលទៅហើយ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា