ព័ត៌មានជាតិ

អ្នកស្រុកកងមាសនឹងទទួលបានស្ពានបេតុងឆ្លងកាត់ព្រែកកុយ

កំពង់ចាម៖ នៅពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋស្រុកកងមាស នឹងទទួលបានស្ពានបេតុង ចម្ងាយជាង ១០០ ម៉ែត្រឆ្លងកាត់ព្រែកកុយ ដែលស្ថាបនាដោយខាងក្រុមជាងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។

លោក ភោគ សាវុធ អភិបាលស្រុកកងមាស ដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម លោកផ្កាយបី គង់ អៀង ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុក​នាយកដ្ឋានវិស្វកម្ម ចុះពិនិត្យដំណើរការសាងសង់ស្ពានព្រែកកុយ កាលព្រឹកថ្ងៃទី ៣ មីនានេះ បានឱ្យដឹងថា៖ ខាងវិស្វកម្មបានចុះអនុវត្តឈូសឆាយពង្រាបដីលើទីតាំង នៃក្បាលស្ពានទាំងសងខាង ដែលម្ខាងស្ថិតក្នុងភូមិគងជ័យ និងម្ខាងទៀតស្ថិតក្នុងភូមិគុហេ ឃុំព្រែកកុយ ស្រុកកងមាស រយៈពេលពីរសប្តាហ៍ហើយ។

លោកអភិបាលស្រុកកងមាសបានឱ្យដឹងទៀតថា៖ ស្ពានបេតុងដែលមានប្រវែងបណ្តោយ ១០៨ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ គឺនឹងតភ្ជាប់ប្រព័ន្ធផ្លូវនៅតំបន់នេះទៅកាន់ផ្លូវជាតិលេខ ៦ A (អា) ចំណុចស្ពានលេខ២៣ ចម្ងាយប្រមាណ ៥.០០០ ម៉ែត្រ ហើយម្ខាងទៀតតភ្ជាប់ផ្លូវក្រាលកៅស៊ូ​ចម្ងាយ២៧ គីឡូម៉ែត្រ ពីឃុំព្រែកកុយ មកឃុំសូគង ស្រុកកងមាស ជាជំនួយរបស់ធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB) ដែលកំពុងដំណើរការ។

លោកបានបន្តថា៖ក្រោយពីស្ពាននេះស្ថាបនាហើយក្នុងរង្វង់ឆ្នាំ២០២៤ គឺប្រជាពលរដ្ឋលែងធ្វើ​ដំណើរឆ្លងទូកដ ឬដឹកជញ្ជូនកសិផល ទំនិញតាមផ្លូវវាងតាមស្ពានមាត់ទន្លេបន្តទៀតហើយ​ពោលគឺនឹងក្លាយជាផ្លូវមានអ្នកដំណើរឆ្លងកាត់យ៉ាងមមាញឹក ជាផ្លូវស្ពានសេដ្ឋកិច្ច៕

ដោយ៖ គង់ហេង