សេដ្ឋកិច្ច

សហគមន៍កសិកម្មនៅខេត្តស្ទឹងត្រែងរួមគ្នាកែច្នៃគ្រាប់ស្វាយចន្ទីលក់នៅលើទីផ្សារ

ដោយ៖ សុខុម

កសិករជាច្រើននាក់ បានរួមគ្នាចងក្រងជាសហគមន៍ដើម្បីកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជាលើកដំបូង ដោយរំពឹងថានឹងទទួលបានជោគជ័យ។

ការរំពឹងទុកនេះបានធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងត្រាទទួលស្គាល់ជាផ្លូវការរបស់សហគមន៍កសិកម្មអូរពងមាន់ កាលពីព្រឹកថ្ងៃទី៣ ខែមីនាឆ្នាំ២០២៣។

លោកយឹមផែនអភិបាលរងខេត្តស្ទឹងត្រែងបានជំរុញលើកទឹកចិត្តដល់សហគមន៍កសិកម្មក្រោយពីបានចុះបញ្ជីជាផ្លូវការ។ លោកនឹងបន្តជំរុញឲ្យកសិករខិតខំផលិតកសិកម្មរបស់ខ្លួនឲ្យមានគុណភាពល្អដើម្បីឈានទៅប្រកួតប្រជែងលក់នៅលើទីផ្សារនិងឲ្យអតិថិជនទទួលស្គាល់ពីផលិតផលល្អរបស់ខេត្តស្ទឹងត្រែង។

លោក  ទុំ  នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានឱ្យដឹងថា មន្ទីរកសិកម្មតែងតែយកចិត្តទុកដាក់ចងក្រងបង្កើតជាសហគមន៍ឡើងគឺដើម្បីឱ្យសហគមន៍ប្រមូលផ្ដុំជាកម្លាំងដ៏ធំមួយ។ប្រមូលផ្ដុំផលិតផលដែលពួកគាត់មានដើម្បីលក់ទៅកាន់ទីផ្សារ។រាល់ការបង្កើតសហគមន៍នេះឡើងទទួលបានផលប្រយោជន៍ច្រើនសម្រាប់ខ្លួនឯងនៅក្នុងសហគមន៍តំបន់ដែលកសិករមានផលិតផល។ ការប្រមូលផ្ដុំលក់ផលិតផលបែបសហគមន៍នេះឡើងឈ្មួញមកពីខាងក្រៅក៏មិនអាចទម្លាក់តម្លៃតាមតែអំពើចិត្តនោះបានដែរ។ ការចងក្រងជាសហគមន៍គឺមានភាពងាយស្រួលសម្រាប់កិច្ចសន្យាចរចាគ្នារវាងអ្នកលក់និងអ្នកទិញ។

លោកអ៊ុង សំអាតប្រធានសហគមន៍កសិកម្មអូរពងមាន់បានឲ្យដឹងថា ការបង្កើតសហគមន៍នេះគឺមានសារសំខាន់ខ្លាំងណាស់។នៅក្នុនោះយើងបានប្រមូលផ្តុំកសិករឲ្យចូលរួមគ្នាជាកម្លាំងដ៏ធំមួយដើម្បីកែច្នៃអ្វីដែលជាកសិផលរបស់យើងដែលផលិតបានដូចជាគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅលក់នៅលើទីផ្សារ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មអូរពងមាន់ មានទីតាំងស្ថិតនៅភូមិថ្មលាភ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានចូលជាសមាជិកដោយស្ម័គ្រចិត្តនិងកសាងឡើងនៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ ទទួលស្គាល់ចុះបញ្ជីជាផ្លូវការដោយមានការចូលរួមពីមន្ទីរកសិកម្មខេត្ត អាជ្ញាធរខេត្ត ក្រុង សង្កាត់ ភូមិបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំចំនួន៨រូប ក្នុងនោះមានក្រុមប្រឹក្សាភិបាលចំនួន៥ រូបស្រីមួយនាក់ គណៈកម្មការត្រួតពិនិត្យចំនួនបីនាក់។ សហគមន៍កសិកម្មបង្កើតដំបូងដែលមានសមាជិក១៥គ្រួសារចូលរួម។ស្ត្រីមាន៣គ្រួសារ។មានដើមទុនជាសាច់ប្រាក់ ៦០ លានរៀល។មានភាគហ៊ុនសរុបចំនួន៦០០០ភាគហ៊ុននិងមានប្រាក់ជាសមាជិកភាពចំនួន៧៥ម៉ឺនរៀល។

មកដល់បច្ចុប្បន្ននេះសហគមន៍កសិកម្មអូរពងមាន់ បានកើនសមាជិកដល់ចំនួន១៧នាក់ក្នុងនោះមានស្ត្រីពីរនាក់។

មានឃ្លាំងប្រើប្រាស់បណ្ដោះអាសន្នចំនួន២ ទំហំ៨ម៉ែត្រគុណនឹង២០ម៉ែត្រសម្រាប់ស្តុកគ្រាប់ស្វាយចន្ទីនិងមានទីលានសម្រាប់ហាលគ្រាប់ស្វាយចន្ទីឱ្យស្ងួតល្អ។

មន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានជំរុញកសិករទៅទស្សនកិច្ចសិក្សាពីសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តព្រះវិហារ ,ខេត្តកំពង់ធំ ,ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ។

នៅឆ្នាំ២០២២ សហគមន៍កសិកម្មអូរពងមាន់មានប្រភពទុនដូចខាងក្រោម។

ទី១.ប្រាក់សមាជិកភាពមានចំនួន១៥នាក់ តម្លៃ៥ម៉ឺនស្មើនឹងចំនួន៧៥ម៉ឺនរៀល

និងទី២.តម្លៃប្រាក់ភាគហ៊ុនមានចំនួនមួយម៉ឺនរៀលចំនួនភាគហ៊ុន៨០៣០ហ៊ុន ស្មើនឹង៨០លាន៣សែនរៀល៕