អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ីជំរុញឲ្យហ្សេឡិនស្គីបោះបង់ទីក្រុងបាក់មុត ខណៈរុស្ស៊ីឡោមព័ទ្ធអស់ហើយ

មេទាហានស៊ីឈ្នួលរុស្ស៊ី ជំរុញឲ្យលោកហ្សេឡិនស្គីបោះបង់ទីក្រុងបាក់មុត សមរភូមិខេត្តដូណេត ខណៈបានអះអាងថារុស្ស៊ីបានឡោមព័ទ្ធជុំជិតអស់ហើយ។

នេះបើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣។ រ៉យទ័របានរាយការណ៍ថា មានការបាញ់ផ្លោងរបស់រុស្ស៊ីយ៉ាងខ្លាំងក្លាលើផ្លូវដែលឆ្ពោះទៅកាន់​ភាគខាងលិចនៃទីក្រុង Bakhmut ជាមួយនឹងកងកម្លាំងអ៊ុយក្រែន។ ស្ពាន​មួយ​នៅតំបន់ក្រុង Khromov ដែល​នៅ​ជាប់​គ្នា​ត្រូវ​បានរង​ការ​ខូច​ខាត​យ៉ាងដំណំដោយ​ការ​បាញ់​ផ្លោង​រថក្រោះ​របស់​រុស្ស៊ី។ លោក Yevgeny Prigozhin ជាមេក្រុមទាហានស៊ីឈ្នួល Wagner ដែលជាកងទ័ពឯកជនរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា “ទីក្រុងជីកយករ៉ែអំបិលភាគខាងកើតដែលត្រូវបានបំផ្លិចបំផ្លាញ ពេលនេះត្រូវបានហ៊ុមព័ទ្ធស្ទើរតែទាំងស្រុងហើយ សល់តែផ្លូវមួយចុងក្រោយប៉ុណ្ណោះដែលនៅតែ​បើកសម្រាប់ទាហានអ៊ុយក្រែន”។ ដោយបានចាប់ជនស៊ីវិលអ៊ុយក្រែនចំនួន៣នាក់ មានក្មេង និងចាស់ ដូចជាចំណាប់ខ្មាំងបង្ហាញក្នុងវីដេអូមួយ លោកPrigozhin បានអំពាវនាវឲ្យប្រធានាធិបតីអ៊ុយក្រែន​លោកហ្សេឡិនស្គី ប្រញាប់ចេញបញ្ជាដកថយចេញពីទីក្រុងបាក់មុតនេះឲ្យបានឆាប់ ដើម្បីកុំឲ្យខាតបង់​ស្លាប់ទាហានបន្ថែមទៀត។

យោងតាមមេបញ្ជាការកងកម្លាំងជើងគោកអ៊ុយក្រែន លោក Oleksandr Syrskyi ដែលបានទៅទស្សនា Bakhmut កាលពីថ្ងៃសុក្រ ដើម្បីធ្វើបទសម្ភាសន៍ជាមួយមេបញ្ជាការក្នុងតំបន់អំពីរបៀបបង្កើនសមត្ថភាព​ការពាររបស់កងកម្លាំងជួរមុខ ទាហានអ៊ុយក្រែនកំពុងធ្វើការជួសជុលផ្លូវដែលរងការខូចខាត ហើយជាច្រើននាក់​ទៀតកំពុងឆ្ពោះទៅកាន់ជួរមុខ ជាសញ្ញាមួយបង្ហាញថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបោះបង់ចោលទីក្រុងទេ។ នៅចំណុចភាគខាងលិចបន្តិចនៃបាក់មុត អ៊ុយក្រែនក៏កំពុងជីកលេណដ្ឋានថ្មី សម្រាប់ទីតាំងការពារប្រុងជើងការពេលរុស្ស៊ីចូលមកដល់ផងដែរ។

គួរចាប់អារម្មណ៍ដែរថា ប្រសិនបើរុស្ស៊ីអាចទទួលបានជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧០០០០ នាក់ពិតមែន នោះវានឹងផ្តល់ឱ្យរុស្ស៊ីនូវ​រង្វាន់ធំទីមួយនៃការវាយលុករដូវរងាលើអ៊ុយក្រែន បន្ទាប់ពីបានកេណ្ឌអ្នកបម្រុងរាប់សែននាក់​កាលពីឆ្នាំមុន។ រុស្ស៊ីនិយាយថា វានឹងក្លាយជាជំហានមួយដ៏ល្អដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់ពួកគេ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា