សន្ដិសុខសង្គម

ត្រៀមបញ្ជូន២នាក់​ករណីរឹតកប្លន់យករថយន្ដព្រូសជិត២០ថ្ងៃមុនទៅតុលាការ

ភ្នំពេញ៖ ក្រោយពីចោររឹតកប្លន់យករថយន្ដព្រូសកាលពីជិត២០ថ្ងៃមុនកន្លងទៅ ត្រូវកម្លាំង នគរបាលក្រសួងមហាផ្ទៃតាម​ចាប់ជនសង្ស័យបាន២នាក់ ត្រៀមបញ្ជូនទៅតុលាការ។

​សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១ ខែមីនា កម្លាំងជំនាញបានស្រាវជ្រាវចាប់ក្រុមជនសង្ស័យ ២នាក់ចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធ​ករណីប្រើខ្សែលួសហ្វ្រាំងកង់រឹតកប្លន់យករថយន្ដព្រូស ពីអ្នករត់តាក់ស៊ី កាលពីថ្ងៃទី១០ ខែកុម្ភៈ តែ​មិនបានសម្រេច​ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានបុរស៣នាក់ បានជួលរថយន្តតាក់ស៊ីរបស់ជនរងគ្រោះឈ្មោះ លាប កំសាន្ត ឱ្យដឹកពួកគេទៅក្លិប X ZOOM នៅម្ដុំផ្សារចោមចៅ។

ពេលធ្វើដំណើរដល់កន្លែងខាងលើ ពួកគេ៣នាក់បានធ្វើសកម្មភាពយកខ្សែហ្វ្រាំងកង់រឹតកជនរងគ្រោះ។ប៉ុន្តែឈ្មោះ លាប កំសាន្តបានចាប់ទាន់ក៏រេចង្កូតរថយន្តទៅបុកជញ្ជាំងថ្ម បណ្តាលឱ្យរថយន្ត ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យទាំង៣នាក់ បានរត់គេចខ្លួន បាត់តែម្ដង។

ជនសង្ស័យ២នាក់ដែលចាប់ខ្លួន-ឈ្មោះ ឆន ចំរើន ហៅរាជ អាយុ២២ឆ្នាំ នៅភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ សុខបញ្ញា នៅភូមិពោធិ៍ស្រុក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។បន្ទាប់ពីសាកសួរ កម្លាំងនាយកដ្ឋានបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។ជាមួយនោះជំនាញកំពុងបន្តស្វែងរកបក្ខពួកម្នាក់ទៀតយកមកបន្តនីតិវិធី៕ដោយ៖វិចិត្រ