ព័ត៌មានជាតិ

ស្រ្តីម្នាក់សម្រាលកូននៅលើសួនច្បារ កំពុងដង្ហោយរកអ្នកជួយ

ស្ទឹងត្រែង៖សមត្ថកិច្ចនិងក្រុមគ្រូពេទ្យ បានជួយសង្គ្រោះស្រី្តម្នាក់កំពុងសម្រាលកូននៅក្បែរ​ស្តូបកម្ពុជា-វៀតណាម លើសួនច្បារមាត់ទន្លសេកុងស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២ ខែមីនានេះ។

លោកអ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមីនានេះថា ស្ត្រីដែលសម្រាលកូននៅលើសួនច្បារនោះក្រុមគ្រូពេទ្យបានជួយសង្គ្រោះដោយជោគជ័យហើយ។រីឯកូនស្រីមានទម្ងន់២គីឡូ៩ក្រាម ចំណែកម្ដាយនិងកូនគឺមានសុខភាពធម្មតា។ប៉ុន្តែម្ដាយនិងកូនបានកើតមកនេះមានជំងឺស្វាយ ហើយកំពុងថែទាំពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ​ខេត្តស្ទឹងត្រែងជាបណ្ដោះអាសន្ន។

លោកប្រធានមន្ទីរពេទ្យបានបន្តថា ស្ត្រីដែលសម្រាលកូននៅសួនច្បារនោះគឺជាមនុស្សមានជំងឺផ្លូវចិត្ត ស្មារតីមិនប្រក្រតី ហើយក៏មិនទាន់មានសាច់ញាតិបងប្អូនមកទទួលមើលថែទាំនៅឡើយដែរ។ករណីនេះគឺជាបញ្ហាមួយដែលក្រុមគ្រូពេទ្យជួបការលំបាកក្នុងការមើលថែទាំ។បន្ថែមពីនេះ លោកប្រធានក៏សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធដូចជា មន្ទីរសង្គមកិច្ច-មន្ទីរកិច្ចការនារី-ក្រុមការងារយុវជននិងសប្បុរសជនទាំងអស់មេតា្តជួយដល់គ្រួសារកំពុងជួបទុក្ខលំបាកនេះផង៕ដោយ:សុខុម