សន្ដិសុខសង្គម

អគ្គិភ័យឆេះផ្ទះមួយខ្នងនិងទ្រព្យសម្បតិ្តអស់គ្មានសល់

កំពង់ស្ពឺ៖អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងជាមួយទ្រព្យសម្បត្តិអស់ទាំងស្រុង សង្ស័យម្ចាស់ដុតធូបធ្លាក់កម្ទេចភ្លើងលើពូកបណ្តាលឱ្យឆេះផ្ទះអស់តែម្តង។ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកម្ភ:។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ផ្ទះមួយខ្នងធ្វើពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហំទទឹង៦ម៉ែត្របណ្តោយ៧ម៉ែត្រ ត្រូវអគ្គិភ័យបានឆាបឆេះរួមសម្ភារអស់គ្មានសល់។ចំណែកម្ចាស់ឈ្មោះស្រេច លៀង អាយុ៦៥ឆ្នាំ នៅភូមិឃុំខាងលើ។

មន្ត្រីដដែលបានបន្តថា មូលហេតុដោយសារភ្លើងធូបធ្លាក់លើពូក រួចក៏ឆេះពូកបណ្ដាលឱ្យ រាលដាលឆេះផ្ទះតែម្តង។អគ្គិភ័យនេះធ្វើឱ្យខូចខាតផ្ទះមួយខ្នងអស់ ទាំងស្រុង-ស្រូវចំនួន៥បាវ-ខោអាវមួយទូ-កង់២-ទូឈើ១-គ្រែប្រអប់១-ពូក២-តុឈើ១-តុក្កតាឈើ១០-ធុងទឹកកក១-និងសម្ភារប្រើប្រាស់ជាច្រើនទៀត។

ពេលភ្លើងកំពុងឆេះ កម្លាំងនគរបាលស្រុកបសេដ្ឋនិងនគរបាលប៉ុស្តិ៍រដ្ឋបាលពោធិ៍អង្គ្រង បានជួយអន្តរាគមន៍ប្រើរថយន្តបាញ់ទឹកទើបភ្លើងរលត់ ប៉ុន្តែមិនបណ្ដាលឱ្យឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕ដោយ៖វិចិត្រ