សន្ដិសុខសង្គម

ជិះម៉ូតូលឿនជ្រុលបុករថយន្តពីចំហៀងបណ្តាលឱ្យដួលស្លាប់

ភ្នំពេញ​៖​បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តទំនើបនៅត្រង់ផ្លូវ​បំបែកបណ្តាលឱ្យដួលបោកក្បាលស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវលេខ៤៣៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតបើតាមនៅក្នុងលិខិត​ឆ្លងដែនឈ្មោះ NOULET MADYNA ភេទប្រុស អាយុ២២ឆ្នាំ។

ប្រភពដដែលបានបន្តថា មុនកើតហេតុ រថយន្តម៉ាកALPHARD ផ្លាកលេខភ្នំពេញ2BA 4798 បើកតាមផ្លូវលេខ៩៩ពីត្បូងទៅជើង។មកដល់កន្លែងខាងលើស្រាប់តែមានបុរសម្នាក់​ជិះម៉ូតូហុងដាឌ្រីម​ផ្លាកលេខស្ទឹងត្រែង​1A 2946​ តាមផ្លូវលេខ៤៣៦​ ពីលិចទៅកើត​ក្នុងល្បឿនលឿន។ម៉ូតូក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឱ្យដួល​បោកក្បាលស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍ រាជធានីភ្នំពេញដើម្បីឱ្យភាគីសងខាងចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ