សន្ដិសុខសង្គម

ជិះម៉ូតូឌុបកូន៣នាក់ជ្រុលធ្លាក់ចូលប្រឡាយរងរបួសធ្ងន់៤នាក់

ប៉ៃលិន៖ស្ត្រីម្នាក់បានជិះម៉ូតូឌុបកូនតូចចំនួន៣នាក់ ដល់ផ្លូវកោងស្រាប់តែជ្រុលហួស​ធ្លាក់ចូល​ប្រឡាយបណ្តាលឱ្យរងរបួសធ្ងន់ទាំង៤នាក់តែម្តង។

មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២៦ខែកុម្ភៈ។

មន្ត្រីដដែលបានបន្តថា គ្រោះថ្នាក់ខាងលើដោយសារស្ត្រីម្នាក់ជិះម៉ូតូឌុបកូនតូច៣នាក់​ក្នុងល្បឿនលឿន។ ពេលទៅដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ជ្រុលហួសធ្លាក់ចូលប្រឡាយ​បង្កឱ្យរងរបួសទាំងម្តាយនិងកូនៗបែបនេះ។

ស្តី្ររងគ្រោះឈ្មោះ ទឹម សុខមី អាយុ៤២ឆ្នាំ នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ជិះម៉ូតូម៉ាកហុងដាឌ្រីម។ក្រោយកើតហេតុ អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ។ចំណែកម៉ូតូត្រូវបាន​សមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុករង់ចាំតំណាងជនរងគ្រោះមកទទួលយកទៅវិញ៕ដោយ៖វិចិត្រ