កីឡា

ស៊ី​ហ្គេម នឹង​ចំណាយ​ជាង​១២០​លាន​ដុល្លារ​ អ្នកឈ្នះ​មេដាយមាស​នឹង​ទទួលបាន​១​ម៉ឺន​ដុល្លារ​

​ភ្នំពេញ ៖ក្លិប​អ្នកកាសែត​កម្ពុជា ( ក​.​អ​.​ក ) នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក (NOCC)​បាន​សហការ​ជាមួយ​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ រៀបចំសន្និសីទ​សារព័ត៌មាន​ស្តីពី « វឌ្ឍនភាព​នៃ​ការត្រៀម SEA GAMES- ASEAN Para Games 2023 » ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក (NOCC)​។​
​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ បាន​អញ្ជើញ​ជា​វាគ្មិន​។​

សូមជម្រាបថា​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នឹង​បើក​ជា​ផ្លូវការ​នា​ថ្ងៃទី​៥ ខែឧសភា និង​បិទ​បញ្ចប់​នា​ថ្ងៃទី​១៧ ខែឧសភា ប៉ុន្តែ​ប្រភេទ​កីឡា​ខ្លះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ខែមេសា​ទៅ​។ ចំណែក​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ដល់ទី​៩ ខែមិថុនា​។ រហូតមកដល់​ថ្ងៃ​២៤​កុម្ភៈ​នេះ​នៅសល់តែ​៧០​ថ្ងៃ​ទៀត​ទេ​។​

​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​អត្ត​ព​លិ​ក​ដែល​ដណ្តើម​មេដាយ​ទាំង​៣​ប្រភេទ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​។ សម្រាប់​អ្នកឈ្នះ​មេដាយមាស​នឹង​ទទួលបាន​១​ម៉ឺន​ដុល្លារ មេដាយប្រាក់​ជាង​៧​ពាន់​ដុល្លារ និង​សំរឹទ្ធិ​ជាង​៣​ពាន់​ដុល្លារ​។ នេះ​បើតាម​ការអះអាង​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មកា​រ​រៀបចំ​កីឡា​ស៊ី​ហ្កេ​ម​លើក​ទី​៣២ (CAMSOC)​។​

​ជុំវិញ​ការចំណាយ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​នៅ​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម លោក​វ៉ា​ត់ ចំរើន បានឱ្យដឹងថា​កម្ពុជា​ត្រៀម​ប្រាក់​ចំណាយ​១២៤​លាន​ដុល្លារ លើ​ដំណើរការ​កីឡា​តំបន់​អាស៊ាន​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​។​

​អគ្គលេខាធិការ CAMSOC បាន​បញ្ជាក់ថា​៖««​តាម​ការសម្រេច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រាក់​៥០៥​ពាន់​លាន​រៀល​ដែល​ស្មើនឹង​១២៤​លាន​ដុល្លារ នឹងត្រូវ​យកមក​ចំណាយ​លើ​ការរៀបចំ​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម​។​តែ​កម្ពុជា​ចំណាយ​តិចជាង​ការចំណាយ​របស់​ប្រទេស​ផ្សេងៗ​ដែល​ធ្លា​ប់រៀប​ព្រឹត្តិការណ៍​នេះ​ពីមុនមក​»​។​

​ក្នុង​ព្រឹត្តិការណ៍​តំបន់​អាស៊ាន​លើក​ទី​៣២ លោក​វ៉ា​ត់ ចំរើន ក៏បាន​បញ្ជាក់ដែរថា អត្ត​ព​លិ​ក​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​គ្រប់​កីឡា​ទាំង​៣៧​ប្រភេទ​តែម្តង​។ ចំណោម​កីឡា​ទាំង​៣៧ មានតែ​កីឡាបាល់ទាត់​លើ​តុ (Teq ball) ប៉ុណ្ណោះ​ដែលជា​ប្រភេទ​កីឡា​សំដែង និង​មិន​ទទួល​បាន​មេដាយ​។​ប្រភេទ​កីឡា​ទាំង​៣៧ មាន​១៦​ប្រភេទ​កីឡា​ជា​កីឡា​អូឡាំពិក និង​១៦​កីឡា​ទៀត​ជា​ប្រភេទ​កីឡា​តំបន់​អាស៊ាន ហើយ​កីឡា​ផ្សេងទៀត​ជា​កីឡា​ប្រជាប្រិយ​និង​ពេញនិយម​របស់​ម្ចាស់ផ្ទះ​កម្ពុជា​ដែលមាន​សិទ្ធិ​បញ្ចូល​ដោយ​ខ្លួនឯង​។​

​នៅក្នុង​សន្និសីទ​សារពត៌មាន​នោះដែរ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ បានលើកឡើង​អំពី​ម្ហូបអាហារ​សម្រាប់​កីឡាករ កីឡាការិនី​នៅក្នុង​ស៊ី​ហ្គេម​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖​ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​របស់​កម្ពុជា​បានរៀបចំ​ម្ហូបអាហារ​គ្រប់​ប្រភេទ​ទាំងអស់ ក្នុងនោះ​មាន​ទាំង​អាហារ​ហា​ឡា​ល តាម​តម្រូវ​របស់​ភ្ញៀវ​អន្តរជាតិ​។​

​លោក ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា អាហារ​ហូបចុក យើង​បានរៀបចំ​ហ្មត់ចត់​ណាស់​។ យើង​មាន​ក្រុមហ៊ុន​ទទួលបន្ទុក​រៀបចំ​អាហារ​រួចរាល់​ហើយ​។ ការដឹក​ជញ្ជូន យើង​មាន​គ្រប់លក្ខណៈ​អស់ហើយ​។ កន្លែង​ស្នាក់នៅ​ធំ​គឺ​យើង​មាន​ភូមិ​កីឡា (Sport Village)​។

​ជាមួយគ្នា​នោះដែរ​លោក​រដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​អនាម័យ​តាម​ផ្ទះ​ឬ​មុខផ្ទះ​របស់ខ្លួន​ឲ្យ​បាន​ស្អាត ដើម្បី​បរិស្ថាន និង​មុខមាត់​ប្រទេសជាតិ​យើង ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍ SEA GAME – ASEAN Para Games ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕ដោយ៖សិរីមតី