ព័ត៌មានជាតិ

ក្រសួងនឹងបំពាក់ជញ្ជីងវៃឆ្លាតនិងកាមេរ៉ាល្បឿនលើកំណាត់ផ្លូវជាតិលេខ៧

កំពង់ចាម៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងស្នើឱ្យក្រុមហ៊ុនស្ថាបនាពង្រីកផ្លូវ​លេខ៧ រង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត និងបំពាក់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូន​លើសទំងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ( AL AND WEIGH-IN-MOTION)។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែង​ក្នុងកិច្ចប្រជុំមួយ នៅក្នុងសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២៤ កុម្ភៈនេះថា៖ គម្រោងពង្រីកផ្លូវ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីក​បន្ថែម​ស្ពានចាស់ ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង។

លោកបានបន្តថា ៖ក្នុងនោះនឹងបំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់៕

ដោយ៖ គង់ហេង