អន្តរជាតិ

អូស្រ្តាលីប្រកាសផ្តល់កញ្ចប់ជំនួយ ២២លានដុល្លារអាម៉េរិកទុកទិញកូនដ្រូនឲ្យអ៊ុយក្រែន

ទន្ទឹមនឹងថ្ងៃខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ីបានមកដល់ អូស្រ្តាលីបាន​ប្រកាសកញ្ចប់ជំនួយជាង ២២លានដុល្លារអាម៉េរិកទុកទិញកូនដ្រូនឲ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីចាស់ដៃលើរុស្ស៊ី។

យោងតាមប្រភព The Guardian កញ្ចប់ថវិកា ៣៣ លានដុល្លារអូស្រ្តាលី ស្មើនឹងជាង ២២លានដុល្លារអាម៉េរិកនេះ នឹងរួមបញ្ចូលកូនដ្រូនកំពូល និងទំនើបៗឲ្យអ៊ុយក្រែន។ ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Richard Marles បាននិយាយថា ប្រព័ន្ធដ្រូនទាំងនេះនឹង “ផ្តល់សមត្ថភាពស៊ើបការណ៍សមរភូមិ ការឃ្លាំមើល និងឈ្លបយកការណ៍ដល់​កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងយុទ្ធនាការបង្រ្កាបអ្នកឈ្លានពានរុស្ស៊ី”។ កញ្ចប់នេះក៏គិតផងដែរនូវទណ្ឌកម្មការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិបុគ្គលរុស្ស៊ីចំនួន ៩០ នាក់ និងអង្គភាពរុស្ស៊ីចំនួន ៤០ បន្ថែមទៀត គិតទាំងទៅលើរដ្ឋមន្ត្រីរុស្ស៊ី យោធា ប្រធានវិហារគ្រិស្តអូស្សូដក់រុស្ស៊ី អយ្យការ Kirill និងប្រព័ន្ធផ្សព្វផ្សាយឃោសនារុស្ស៊ី Sputnik។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បាននិយាយថា ការដាក់ទណ្ឌកម្មបន្ថែមគឺ “ផ្តោតលើអ្នកនៅក្នុងរដ្ឋាភិបាលរុស្ស៊ី ដែលជាក្បាលម៉ាស៊ីនអូសបន្លាយសង្រ្គាមនេះ ជាអ្នកផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមនេះ និងជាអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសង្រ្គាមនេះ”។

ចាប់តាំងពីសង្រ្គាមមក អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​លើ​បុគ្គល ឬ​អង្គការ​ជាង ១០០០របស់រុស្ស៊ី។ រីឯការបរិច្ចាគជំនួយដល់អ៊ុយក្រែនវិញ សរុបទាំងលើកនេះទៀត វានឹងកើនឡើងដល់ទៅ ៥១០ លានដុល្លារអូស្រ្តាលី រួមទាំងជំនួយទៅលើរថយន្ត​ចល័តការពារ Bushmaster ចំនួន ៩០ គ្រឿង៕

ប្រភព៖  The Guardian

ប្រភពរូប៖The Guardian
ប្រែសម្រួល៖សុខ តុលា