អន្តរជាតិ

អាម៉េរិកនឹងប្រកាសជំនួយសន្តិសុខ ២ពាន់លានដុល្លារដល់អ៊ុយក្រែន

មន្រ្តីសេតវិមានអាម៉េរិកបានជូនដំណឹងថា សហរដ្ឋអាម៉េរិកនឹងប្រកាសជំនួយសន្តិសុខ​ចំនួន ២ពាន់លានដុល្លារបន្ថែមទៀតដល់រដ្ឋាភិបាលអ៊ុយក្រែន។

យោងតាមលោកអ្នកនាំពាក្យប្រចាំសេតវិមាន Sullivan ដែលបាននិយាយនៅក្នុង​ព្រឹត្តិការណ៍​សាល CNN កាលពីថ្ងៃព្រស្បតិ៍ ជំនួយសន្តិសុខថ្មីនេះ គឺជាការប្តេជ្ញាចិត្ត​របស់រដ្ឋបាលប្រធានាធិបតីចូបៃដិន ក្នុងការប្រយុទ្ធប្រឆាំងបន្តនឹងអ្នកឈ្លានពានរុស្ស៊ី។  ២ពាន់លានដុល្លារនេះ គឺដើម្បីធានាបានថា អ៊ុយក្រែននឹងមានកម្លាំងដ៏រឹងមាំបន្ថែមទប់ទល់​ការពារប្រទេស។ Sullivan ថា​ “យើងនឹងបន្តពិនិត្យមើលអ្វីដែលចាំបាច់ ដើម្បីឱ្យអ៊ុយក្រែន​មានអ្វីដែលខ្លួនត្រូវការដើម្បីជោគជ័យនៅលើសមរភូមិ”។ លើសពីនេះ ក្រុមប្រទេស​ទាំងប្រាំពីរ ហៅថា (G7) ក៏នឹងប្រកាសនៅថ្ងៃសុក្រនូវកញ្ចប់ទណ្ឌកម្មជុំវិញថ្មី​លើប្រទេសរុស្ស៊ីផងដែរ។

ឆ្លើយសំណួរអំពីសំណើអ៊ុយក្រែនសុំយន្តហោះចម្បាំង F-16 លោក Sullivan បាននិយាយ​តាម​ទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោនថា “យន្តហោះ F-16 មិនមែនជាសំណួរសម្រាប់​ការប្រយុទ្ធរយៈពេលខ្លីនោះទេ។ F-16 គឺជាសំណួរសម្រាប់ការការពាររយៈពេលវែង​របស់អ៊ុយក្រែន” ។ គួរសង្កេតថា ត្រឹមតែរយៈពេល១សប្តាហ៍ប៉ុណ្ណោះ សហរដ្ឋអាម៉េរិកបាន​ប្រកាសជំនួយរហូតដល់ពីរដងទៅហើយដល់អ៊ុយក្រែន។ ជំនួយកាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ច​បៃដិនទៅទីក្រុងគៀវ គឺមានចំនួន ៥០០លានដុល្លារដែលរួមបញ្ចូល​ឧបករណ៍ប្រយុទ្ធសំខាន់ៗ រួមទាំងប្រព័ន្ធការពារដែនអាកាស៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា